ឯកឧត្តម គន់ គីម ចុះសួរសុខទុក្ខជនភៀសសឹកនៅភូមិរង់ចាំ
AKP ភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ – ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យជីវភាពរស់នៅ និងការដាំដុះដំណាំរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ក្នុង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងការរៀបចំជីវភាពរស់នៅ ព្រមទាំងថែទាំផ្ទះ និងរៀបចំដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួនជាច្រើន រួមមាន ដំឡូងមី ពោត សណ្តែកគួរជាដើម និងដំណាំរួមផ្សំជាច្រើនទៀត។ ការដាំដុះដំណាំទាំងអស់នេះ នឹងហុចផលសម្រាប់ប្រជាពលរដ្ឋភៀសសឹក ទាំងការលក់ដូរចិញ្ចឹមជីវិត និងការទទួលទានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងផ្តល់អនុសាសន៍ឱ្យចុះពិនិត្យ និងតាមដានពីស្ថានភាពរបស់ប្រជាពលរដ្ឋភៀសសឹកជាប់ជាប្រចាំ៕
ដោយ៖ ណយ នឿន (ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





