សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ស្នើក្រសួងកិច្ចការនារី បន្តលើកកម្ពស់សមភាពយេនឌ័រ ពង្រឹងភាពក្លាហានរបស់ស្ត្រីនិងក្មេងស្រី
AKP ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥--
សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ស្នើក្រសួងកិច្ចការនារី បន្តលើកកម្ពស់សមភាពយេនឌ័រ ពង្រឹងភាពក្លាហានរបស់ស្ត្រីនិងក្មេងស្រី ដើម្បីរួមចំណែកក្នុងការសម្រេចបានចក្ខុ វិស័យកម្ពុជានាឆ្នាំ២០៣០-ឆ្នាំ២០៥០។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរ សាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១១៤ ក្រោមប្រ ធានបទសិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេង ស្រីគ្រប់រូប នៅទីស្តីការក្រសួងកិច្ចការនារីនារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណ ចំពោះការដឹកនាំរបស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្របសម្រួល ពិសេស កាលើកកម្ពស់ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ការទប់ស្កាត់អំពើ ហិង្សាទាក់ ទងនឹងយេនឌ័រ និងការចូលរួមលើកកម្ពស់ស្ថានភាព ឋានៈ តួនាទីស្រ្តី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និងអភិបាលកិច្ច ជាពិសេសការអនុវត្តប្រកប ដោយប្រសិទ្ធភាព ក្នុងស្មារតីបុរេសកម្មនូវអនុសាសន៍គន្លឹះមុតស្រួចទាំង៨ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសំណូមពរដល់ក្រសួងកិច្ចការនារី បន្តខិតខំប្រឹងប្រែងជាបន្តទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី តាមរយៈ កិច្ចសហការជាមួយក្រសួង ស្ថាប័នរដ្ឋ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងសង្គមស៊ីវិលទាំងអស់ ក្នុងការពង្រីកវិសាលភាពនៃការផ្តល់សេវាការពារផ្លូវច្បាប់ សេវាសង្គម ការពង្រឹង និងបង្កើនចំណេះដឹង ជំនាញវិជ្ជាជីវៈ ពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច ការអប់រំសីលធម៌ សុជីវធម៌ជូនបុរស ស្រ្តី និងកុមារ ព្រមទាំង ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី ដើម្បីឱ្យពួកគេក្លាយជាធនធានប្រកបដោយភាពថ្លៃថ្នូរ និងសក្តានុពលចូលរួមពេញលេញក្នុងកិច្ចអភិវឌ្ឍសង្គម និងប្រទេសជាតិ ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងរួមចំណែកក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

ដោយ សួស សំរិត





