ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធា ភ្នំប្រាក់ ៥១៩
AKPភ្នំពេញថ្ងៃទី៧ខែមីនាឆ្នាំ២០២៥--
បន្ទាប់ពីបានអញ្ជើញចុះបានចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង និងចុះសាកសួរសុខទុក្ខកងទ័ពនៅតាមប៉ុស្តិ៍ប៉មជួរមុខតាមខ្សែបន្ទាត់ព្រំដែន ក្នុងខេត្តបាត់ដំបងរួចមក នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងប្រតិភូអមដំណើរ បានបន្តដំណើរចុះសាកសួរសុខ និងពិនិត្យមើលទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំប្រាក់ ៥១៩ ថ្មពួក ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបន្តទៀត។

ពេលអញ្ជើញទៅដល់តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំប្រាក់ ៥១៩ ថ្មពួក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានទទួលការស្វាគមន៍ពីមេបញ្ជាការ មេបញ្ជាការរង យោធភូមិភាគទី ៥ ក្រុមការងារប្រវត្តិសាស្ត្រយោធាក្រសួងការពារជាតិ និងក្រុមការងារប្រវត្តិសាស្ត្រយោធាយោធភូមិភាគទី ៥ និងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងតំបន់អភិវឌ្ឍយោធភូមិភាគទី ៥ ជាច្រើនរូបទៀត។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នទីតាំងតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំប្រាក់ ៥១៩ ថ្មពួក ត្រូវបានគ្រប់គ្រង និងថែរក្សាដោយ ការិយាល័យអភិវឌ្ឍយោធភូមិភាគទី ៥។ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំបា្រក់ គឺជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់ តាំងពីពេលមុនៗ ក៏ដូចជាទៅថ្ងៃអនាគត ដែលទីតាំងនេះនៅជាប់ព្រំដែន ហើយតឹកតាងប្រវត្តិសាស្ត្រដែលបានបន្សល់ទុកនៅទីនេះមាន៖ ទីតាំងផ្ទះរបស់លោក សូរ ហុង និងសាលានយោបាយ ដែលអតីតកម្លាំងកម្ពុជាប្រជាធិបតេយ្យធ្លាប់បង្រៀននៅទីនេះ ហើយក្រៅពីនេះមានផ្ទះរបស់ ប៉ុល ពត និងមានរោងទីតាំងកែឆ្នៃគ្រាប់ លេណដ្ឋានសំខាន់ៗជាចំណុចខ្ពស់ ហើយនៅខាងក្រោមគឺមានស្រះទឹកដែលបានជីក និងស្រះធម្មជាតិនៅអាងក្តឹបថ្ម ជាស្រះធំ។ តំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំបា្រក់ ៥១៩ ថ្មពួក ពីអតីតកាលកន្លែងនេះគឺមូលដ្ឋានដែលមានប្រវត្តិយ៉ាងច្រើនបំផុត ទាំងយុទ្ធនាការ និងការប្រយុទ្ធ ចាប់តាំងពីទសវត្ស៨០ រហូតជាកន្លែងទីតាំងជួបជុំ និងប្រជុំជាច្រើន ហើយជាកន្លែងដែលមានប្រវត្តិតាំងពីឆ្នាំ១៩៧៩។ ទីតាំងភ្នំប្រាក់នេះ ក៏ជាទីតាំងរបស់កងពល ៥១៩ ដែលពីអតីតកាលមានកម្មាភិបាលធំៗជាច្រើន របស់កម្លាំងកម្ពុជាប្រជាធិបតេយ្យ បានចេញពីទីនេះ និងបំបែកទៅជាអង្គភាព កងពលដទៃទៀត ហើយជាកន្លែងដែលមានការប្រជុំ បំពាក់បំប៉ន ផ្តល់ផែនការសឹកពីមេដឹកនាំធំៗ ជាពិសេស ប៉ុល ពត, នួន ជា។ ទីតាំងប្រវត្តិសាស្រ្តយោធាតេជោភ្នំប្រាក់ ស្ថិតនៅជិតព្រំដែន ដែលបានរួមចំណែក ក្នុងកិច្ចការការពារអធិបតេយ្យ បូរណភាពទឹកដីផងដែរ។ សូមបញ្ជាក់ថា៖ ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានេះ បានផ្ដល់នូវការលើកទឹកចិត្ត និងគុណតម្លៃសម្រាប់មគ្គុទេសក៍ ដែលបានដឹកនាំ និងសម្រាប់អ្នកប្រតិបត្តិ ប្រតិបត្តករ ការចូលរួមចំណែកបញ្ចប់សង្គ្រាម ការពារស្ថិរភាពជាតិ សន្តិសុខជាតិ និងសន្តិភាព ហើយនឹងបន្តការជ្រោងទង់អធិបតេយ្យជាតិ បូរណភាពទឹកដី សម្រាប់អ្នកជំនាន់ក្រោយតរៀងទៅ។

ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារប្រវត្តិសាស្ត្រយោធា ការិយាល័យអភិវឌ្ឍយោធភូមិភាគទី ៥ បានខិតខំអនុវត្តិភារកិច្ច ក្នុងការគ្រប់គ្រង និងថែរក្សានូវតឹកតាងប្រវត្តិសាស្ត្រដែលបានបន្សល់ទុក នៅភ្នំប្រាក់ ដែលជាសមិទ្ធផលនយោបាយឈ្នះ ឈ្នះ ក្នុងនោះអង្គភាពបានខិតខំកាប់ឆ្កាព្រៃ លើកស្លាកសញ្ញា បោះបង្គោលតឿ និងរាយខ្សែព័ទ្ធជុំវិញ នូវតឹកតាងប្រវត្តិសាស្ត្រសំខាន់ៗ ដែលបានបន្សល់ទុកនៅលើភ្នំប្រាក់។ ក្នុងដំណើរការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំបា្រក់ ៥១៩ ថ្មពួក ក្រុមការងារប្រវត្តិសាស្ត្រយោធាក្រសួងការពារជាតិ និងក្រុមការងារប្រវត្តិសាស្ត្រយោធាយោធភូមិភាគទី ៥ ព្រមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានរួមសហការគ្នា រៀបចំតំបន់ប្រវត្តិសាស្ត្រយោធានេះ អោយបានល្អឡើងវិញ ដើម្បីប្រមូលផ្តុំឯកសារ និងតឹកតាងប្រវត្តិសាស្រ្តទីតាំងតំបន់នេះ ដែលកើតឡើងពីអតីតកាល សំរាប់អ្នកជំនាន់ក្រោយចូលមកទស្សនា និងសិក្សាអំពីប្រវត្តិសាស្ត្រជាតិ ជាបន្តបន្ទាប់ទៅមុខទៀត ៕

ដោយ៖ សំ សាម៉ន





