នាយឧត្តមសេនីយ៍ ទៀ សីហា ជំរុញឱ្យលើកកម្ពស់សមត្ថភាព ស្ថាប័ន នៅមូលដ្ឋាន ពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន
AKP សៀមរាប ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានមានប្រសាសន៍ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែ មីនា ឆ្នាំ២០២៥ថា រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្តសៀមរាប តាមរយៈអភិវឌ្ឍហេដ្ឋារចនាសម្ព័នរូបវន្ត និងអរូបវន្ត នៅក្រុង ស្រុក ឃុំ សង្កាត់ សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការប្រកបមុខរបរខ្នាតតូចរបស់ប្រជាពលរដ្ឋ ដោយផ្តោតលើវិស័យកសិកម្ម និងទេសចរណ៍ ដែលជាវិស័យដ៏មានសក្តានុពលរបស់ខេត្ត សំដៅបង្កើនការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ជំរុញកំណើនសេដ្ឋកិច្ច បរិយាបន្ន និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងអង្គភាពជំនាញ ដើម្បីគាំទ្រអនុវត្តកម្មវិធីគោលនយោបាយរបស់ រាជរដ្ឋាភិបាលដែលបានដាក់ចេញ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព។ ត្រូវជំរុញលើកកម្ពស់សមត្ថភាព ស្ថាប័ននៅមូលដ្ឋាន ពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ ដោះស្រាយសំណើ សំណូមពរ ឆ្លើយតប ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ ប្រកប ដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥គឺ៖ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់៕

ដោយ ឃុត សៅ





