កម្មវិធីស្បៀងអាហារតាមសាលារៀនបានរួមចំណែកលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់សិស្សានុសិស្ស
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ -- លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បន្ទាយមានជ័យ បានមានប្រសាសន៍ថា កម្មវិធីស្បៀងអាហារតាមសាលារៀនគឺជាកម្មវិធីដ៏មានសារៈសំខាន់ដែលបានរួមចំណែកដល់ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់សិស្សានុសិស្ស ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ផងដែរ។ មានប្រសាសន៍យ៉ាងដូច្នេះនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោក ហ៊ឹល រ៉ាយ៉ា តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបត្រីមាសទី១ ស្តីពីការអនុវត្តកម្មវិធីស្បៀងអាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឆ្នាំ២០២៤-២០២៥ ជូនដល់បណ្តាក្រុង-ស្រុក សាលារៀនគោលដៅ ដែលបានប្រារព្ធធ្វើឡើងនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលនៃការអនុវត្តកម្មវិធីស្បៀងអាហារតាមសាលារៀន ក្នុងត្រីមាសទី១ ឆ្នាំ២០២៤-២០២៥ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរក្រុង-ស្រុក និងសាលារៀនគោលដៅ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនេះ និងបានលើកឡើងនូវលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងត្រីមាសទី១ ដូចជា៖ ការផ្គត់ផ្គង់អាហារូបត្ថម្ភដល់សិស្សានុសិស្សបានទៀងទាត់ និងមានគុណភាព ការប្រើប្រាស់កសិផលក្នុងសហគមន៍បានច្រើន ដែលជួយដល់សេដ្ឋកិច្ចគ្រួសារកសិករ ការបង្កើនការយល់ដឹងអំពីអាហារូបត្ថម្ភដល់សិស្សានុសិស្ស និងសហគមន៍។

ទន្ទឹមនឹងនេះលោកក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដូចជា ការគ្រប់គ្រងការផ្គត់ផ្គង់កសិផលឱ្យបានគ្រប់គ្រាន់ និងមានស្ថិរភាព ការធានាគុណភាព និងសុវត្ថិភាពចំណីអាហារ ការបង្កើនការចូលរួមពីសហគមន៍ក្នុងការអនុវត្តកម្មវិធី ដើម្បីឱ្យការអនុវត្តកម្មវិធីនេះទទួលបានជោគជ័យ និងនិរន្តរភាព និងបានផ្តាំផ្ញើដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តកិច្ចសហការ និងសម្របសម្រួលឱ្យបានល្អប្រសើរ ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យការអនុវត្តកម្មវិធី បង្កើនការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ ជំរុញការចូលរួមពីសហគមន៍ឱ្យបានទូលំទូលាយ៕
ដោយ ឈុន សារ៉ាត





