ហ្ស៊កដានីនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់តំបន់ស្តីពីប្រទេសស៊ីរីចំពោះការប្រឆាំងអំពើភេរវកម្ម និងការរត់ពន្ធ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៥ -- ប្រទេសហ្ស៊កដានីនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៃប្រទេសជិតខាងរបស់ប្រទេសស៊ីរីនៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការរត់ពន្ធអាវុធ និងបញ្ហាប្រឈមរួមផ្សេងទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសហ្ស៊កដានី បាននិយាយថា កិច្ចប្រជុំនេះនឹងរិះរកមធ្យោបាយដើម្បីគាំទ្រប្រជាជនស៊ីរីក្នុងការកសាងប្រទេសរបស់ពួកគេឡើងវិញ ដើម្បីធានាបាននូវឯកភាព អធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពរបស់ខ្លួន ដោយការដោះស្រាយអំពើភេរវកម្ម។
កិច្ចពិភាក្សាក៏នឹងគ្របដណ្តប់លើការវិលត្រឡប់ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួនស៊ីរីផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ កិច្ចប្រជុំនេះ នឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិអគ្គសេនាធិការ និងនាយកចារកម្មមកពីប្រទេសហ្ស៊កដានី តួកគី ស៊ីរី អ៊ីរ៉ាក់និងលីបង់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





