កាហ្សាក់ស្ថាន និងកាតា សហការគ្នាក្នុងការស៊ើបអង្កេតលើបញ្ហាឧក្រិដ្ឋកម្ម
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៥ -- សេវាកម្មសារព័ត៌មានរបស់ព្រឹទ្ធសភាបានប្រកាសថា សមាជិកព្រឹទ្ធសភាកាហ្សាក់ស្ថានបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងចំនួនពីរកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកាតាក្នុងជំនួយផ្លូវច្បាប់ទៅវិញទៅមកក្នុងបញ្ហាឧក្រិដ្ឋកម្ម និងការធ្វើបត្យាប័នឧក្រិដ្ឋជន។
កិច្ចព្រមព្រៀងបានអនុញ្ញាតឱ្យប្រទេសទាំងពីរផ្លាស់ប្តូរព័ត៌មានផ្លូវច្បាប់ ជួយក្នុងការស៊ើបអង្កេត កំណត់ទីតាំង និងកំណត់អត្តសញ្ញាណជនសង្ស័យ។
ភាគីទាំងពីរក៏បានបង្កើតលក្ខខណ្ឌ និងនីតិវិធីសម្រាប់ការធ្វើបត្យាប័នដោយធានាថា ពលរដ្ឋកាហ្សាក់ស្ថានមិនអាចត្រូវបានប្រគល់ទៅរដ្ឋមួយផ្សេងទៀតសម្រាប់ការឃុំខ្លួន។
យោងតាមសមាជិកសភា បានឱ្យដឹងថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្លូវច្បាប់រវាងប្រទេសកាហ្សាក់ស្ថាន និងកាតា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





