លោក ចាប៉ារ៉ូវ៖ បញ្ហាព្រំដែនប្រទេសកៀហ្ស៊ីស៊ីស្ថាន-តាជីគីស្ថាន ត្រូវបានដោះស្រាយយ៉ាងពេញលេញ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៥ -- ប្រធានាធិបតីកៀស៊ីហ្ស៊ីស្ថានលោក សាដៀ ចាប៉ារ៉ូវ (Sadyr Japarov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Kabar របស់ប្រទេសនេះ ដោយលោកបានអត្ថាធិប្បាយលើកិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំដែនប្រទេសកៀហ្ស៊ីស៊ីស្ថាន-តាជីគីស្ថាន។
លោក ចាប៉ារ៉ូវ បានបញ្ជាក់ថា «ព្រំដែនត្រូវបានដោះស្រាយជាអចិន្ត្រៃយ៍។ បញ្ហានេះត្រូវបានបិទ ហើយផលប្រយោជន៍របស់ភាគីទាំងពីរត្រូវបានគេគិតគូរ»។
ពិធីសារចុងក្រោយស្តីពីព្រំដែនប្រទេសកៀហ្ស៊ីស៊ីស្ថាន-តាជីគីស្ថាន ត្រូវបានចុះហត្ថលេខានៅទីក្រុង Bishkek នៅថ្ងៃទី២១ ខែកុម្ភៈ បន្ទាប់ពីកិច្ចប្រជុំរួមនៃគណៈប្រតិភូរដ្ឋាភិបាលមកពីប្រទេសកៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន ស្តីពីការកំណត់ព្រំដែន និងការបោះបង្គោលព្រំដែន។
បន្ទាប់មក ភាគីទាំងពីរបានចាប់ផ្តើមកិច្ចព្រមព្រៀងស្តីពីព្រំដែនប្រទេសកៀហ្ស៊ីស៊ីស្ថាន-តាជីគីស្ថាន ការសាងសង់ និងប្រើប្រាស់ផ្លូវហាយវេការបង្កើត និងប្រើប្រាស់ផ្លូវប្រសព្វផ្លូវហាយវេ និងការចូលទៅកាន់កន្លែងគ្រប់គ្រងទឹក និងថាមពល៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





