ទាហាននីហ្សេរីយ៉ាបានសម្លាប់ជនសង្ស័យជាភេរវករ ៩២នាក់ក្នុងរយៈពេលមួយសប្តាហ៍
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៥ -- យោធាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ជនភេរវករចំនួន ៩២នាក់ត្រូវបានសម្លាប់និង១១១នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការផ្សេងៗដោយកងទ័ពនីហ្សេរីយ៉ាក្នុងរយៈពេលមួយសប្តាហ៍។
លោក ម៉ារកូស កាងយ៉េ (Markus Kangye) អ្នកនាំពាក្យរបស់យោធាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងអាប៊ូចា ប្រទេសនីហ្សេរីយ៉ាថាប្រតិបត្តិការទូទាំងប្រទេសប្រឆាំងនឹង «ឧក្រិដ្ឋកម្ម» ទទួលបានជោគជ័យយ៉ាងខ្លាំង។
លោក កាងយ៉េ បាននិយាយថា ជនសង្ស័យភេរវករចំនួន ១០១នាក់ និងក្រុមគ្រួសាររបស់ពួកគេ រួមមានបុរសពេញវ័យ ១១នាក់ ស្ត្រីពេញវ័យ៣៩នាក់ និងកុមារ ៥១នាក់ បានចុះចាញ់ជាមួយកងទ័ពក្នុងអំឡុងពេលប្រតិបត្តិការ។
លោកបានកត់សម្គាល់ថា ចំណាប់ខ្មាំងចំនួន ៧៥នាក់ត្រូវបានដោះលែងក្នុងអំឡុងពេលដែលកំពុងត្រួតពិនិត្យ ដោយលោកបានបន្ថែមថាកងទ័ពក៏បានរកឃើញអាវុធចម្រុះសរុបចំនួន ១១៧ដើម និងគ្រាប់រំសេវចំនួន២.៩៣៩គ្រាប់ផងដែរ។
អ្នកនាំពាក្យយោធាបាននិយាយថា កងទ័ពក៏បានចាប់ខ្លួនចោរលួចប្រេងយ៉ាងហោចណាស់ ១៨នាក់ និងបានរារាំងប្រតិបត្តិការលួចប្រេងនៅក្នុងតំបន់ដីសណ្តរបស់ប្រទេស។ លោកបានបន្ថែមថា យ៉ាងហោចណាស់ប្រេងឆៅដែលលួចបានចំនួន ៤៥២.៣៩៦លីត្រ ប្រេងសាំងរថយន្តដែលចម្រាញ់ខុសច្បាប់ចំនួន ២២៤.១៧៥លីត្រ និងប្រេងសាំង ១.៩២០លីត្រត្រូវបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





