ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា នៅឃុំដងកាំបិត
AKP កំពង់ធំ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងលោកជំទាវ នួន វិធាវី កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតីខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប" នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងយោធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំសមាគមនារីស្រុក ឃុំ ភូមិ ចំនួនជាង២០០នាក់។

លោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា ក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានប្រវត្តិសង្ខេបស្ដីពីប្រវត្តិទិវានារីអន្តរជាតិ ៨មីនា ដោយបានគូសបញ្ជាក់ថា នារី និងកុមារីក្រីក្ររាប់លាននាក់បានទាក់ទាញឱ្យចូលធ្វើការងារនៅក្នុងរោងចក្រ សហគ្រាសឯកជននានាទាំងឡាយ ពួកម្ចាស់រោងចក្រ សហគ្រាសមួយចំនួន ដែលមានគំនិតលោភលន់ កេងប្រវ័ញ្ចលើកម្លាំងពលកម្មរបស់នារី កុមារ និងកម្មករ បានបង្ខំឱ្យពួកគេធ្វើការជាទម្ងន់ ហើយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុងស៊ីកាហ្គោ និងញូវយ៉ក សហរដ្ឋអាមរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្តូរផ្តាច់ ទាមទារឱ្យបន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀវត្ស។

លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមនារីយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គលក្នុងឱកាសអបអរលើកទី ១៤៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរចំពោះយោធិននារីគ្រប់រូបនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំព្រមទាំងថ្នាក់ដឹកនាំនារីគ្រប់រូបនៅស្រុកសណ្ដាន់ និងនៅឃុំដងកាំបិត ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការដឹកនាំគ្រប់គ្រង និងការផ្សព្វផ្សាយពីសមភាពយេនឌ័រ និងអប់រំអំពីតួនាទីភារកិច្ចរបស់ស្ត្រីគ្រប់រូបនៅក្នុងសង្គមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ហើយនារីយើងគ្រប់រូបក៏បានបំពេញភារកិច្ចជាមាតា ជាភរិយា ជាបង ជាប្អូនស្រីដ៏ល្អ នៅក្នុងក្រុមគ្រួសារនីមួយៗ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយខ្លឹមសារមួយចំនួនស្ដីពីទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប" ដែលត្រូវប្រកាន់យក។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ និងថ្នាក់ដឹកនាំក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ជូនដល់យោធិននារីព្រមទាំងថ្នាក់ដឹកនាំនារីថ្នាក់ស្រុកឃុំភូមិនៅក្នុងមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំផងដែរ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





