អភិបាលខេត្តកណ្ដាលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី
AKP កណ្ដាល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សាន់តូ សារម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្តកណ្ដាល ។

ក្នុងជំនួបសម្ដែងការគួរសម ឯកឧត្តម គួច ចំរើន បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីភូមិសាស្ត្រ វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច របស់ខេត្តកណ្ដាល និងបានបន្ថែមថា ចក្ខុវិស័យសម្រាប់ឆ្នាំ២០២៥ ខេត្តកណ្តាលប្រែក្លាយជា “ខ្សែក្រវាត់គាំទ្រវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឧស្សាហកម្ម ឡូជីស្លីក(ភស្តុភារ) ស្បៀង និងលំនៅឋាន”។

ឯកឧត្តមបណ្ឌិត សាន់តូ សារម៉ូស៊ូម៉ាតូ បានថ្លែងអំណរគុណដល់ឯកឧត្ដមអភិបាលខេត្តកណ្ដាល ដែលបានទទួលប្រតិភូប្រកបដោយការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ហើយឯកឧត្តមនឹងកៀរគរអ្នកវិនិយោគមកវិនិយោគនៅខេត្តកណ្ដាល និងបានស្នើដល់រដ្ឋបាលខេត្តជួយជ្រោមជ្រែងក្នុងការផ្ដល់សេវាកម្មដល់ប្រជាជនឥណ្ឌូនេស៊ី ដែលកំពុងស្នាក់នៅក្នុងខេត្តកណ្ដាល។ បច្ចុប្បន្ននេះទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា មានទំហំទឹកប្រាក់ប្រមាណជាជាង១ពាន់លានដុល្លារ ហើយធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីមានដៃគូពាណិជ្ជកម្ម លំដាប់ទី៧សម្រាប់ប្រទេសកម្ពុជា។

ក្នុងជំនួបនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាលបានស្នើសុំដល់ឯកអគ្គរដ្ឋទូតសូមកៀរគរវិនិយោគិនមកវិនិយោគនៅខេត្តកណ្ដាលឱ្យបានច្រើន ព្រោះថាខេត្តកណ្ដាលជាខេត្តមួយដែលមានភូមិសាស្ត្រហ៊ុំព័ទ្ធរាជធានីភ្នំពេញដែលជាបណ្ដុំនៃសេដ្ឋកិច្ច មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវជាតិសំខាន់ៗដែលជាសរសៃឈាមរបស់ខេត្ត ក្នុងការផ្ដល់អាកាសឱ្យអ្នកវិនិយោគទាំងអស់មកវិនិយោគនៅខេត្តកណ្ដាល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





