កិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលស្ដីទីសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក លោកនាយករងទីចាត់ការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងស្រុក កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមានដូចជា៖ ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត។ ២. ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។ ៣. ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខេត្ត សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសមាជិកក្រុមប្រឹក្សាខេត្ត និងគ្រប់អង្គភាពពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ខេត្តក្នុងរយៈពេលកន្លងមក។

ជាមួយគ្នានោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាខេត្ត ក៏ដូចអាជ្ញាធរដែនដី រដ្ឋបាលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ពិសេសក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយក្រមសីលធម៌ប្រសើរឡើង។ ដូច្នេះប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយអាជាធរគ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឱ្យកាន់តែរីកចម្រើន និងធានាបានប្រសិទ្ធភាពនៃការអនុវត្តផែនការទាំងនេះ៕


ដោយ លឹម សាន្ត





