ពិធីក្រុងពលីសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥-- លោកឧត្តមសេនីយ៍ទោ សុខ គឹមស៊ីន អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្មនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលីបើកការដ្ឋានសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ អធិការ អធិការរង មេឃុំ មេភូមិ នាយរងផ្នែក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សុខ គឹមស៊ីន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូននាយទាហាន ប៉ូលីស នគរបាល នាយប៉ុស្ដិ៍ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ និងបានលើកឡើងថា នេះជាសមិទ្ធផលថ្មីមួយទៀតដែលក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង បានប្រារព្ធធ្វើក្រុងពលីតាមបែបព្រហ្មញ្ញសាសនា ដែលនៅក្នុងនោះមានពិធីថ្វាយគ្រឿងសក្ការៈទិសទាំង៨ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពិធីប្រគុំភ្លេងថ្វាយទសបារមី តាមបែបបុរាណ និងគន្លងប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនារបស់ខ្មែរក្នុងបុព្វហេតុបួងសួងសុំសេចក្ដីសុខ សម្រាប់ការចាក់ដីសាងសង់ ជាពិសេសបូជាស្ដេចក្រុងពលី ដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឱ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោបានបន្តថា អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវទប់ស្កាត់ឱ្យបាននូវរាល់ភាពអសកម្មនៅក្នុងមូលដ្ឋានជាពិសេសគឺ អំពើចោរលួច ចោរឆក់ ចោរប្លន់ ល្បែងស៊ីសង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ រួមគ្នាកម្ចាត់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀន ព្រោះការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនត្រូវមានការសហការពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវរួមសហការបន្តអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីស្ថេរភាពក្នុងមូលដ្ឋានរបស់ខ្លួន៕



ដោយ បៃ ស៊ីថុន





