ឯកឧត្តម នួន ផារ័ត្ន អញ្ជើញដឹកនាំគណៈប្រតិភូខេត្តកំពង់ធំ ជួបពិភាក្សាការងារជាមួយអភិបាលរដ្ឋធានីសេអ៊ូល
AKP កំពង់ធំ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំគណៈប្រតិភូខេត្តជួបពិភាក្សាការងារជាមួយ ឯកឧត្តម អូ សេហ៊ូន (OH Se-hoon) អភិបាលរដ្ឋធានីសេអ៊ូល (Seoul) នៃសាធារណរដ្ឋកូរ៉េ នៅសាលាក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ឯកឧត្តម នួន ផារ័ត្ន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមអភិបាលរដ្ឋធានីសេអ៊ូល។

ឯកឧត្តមអភិបាលរដ្ឋធានីសេអ៊ូល និងឯកឧត្តមអភិបាលខេត្តកំពង់ធំ បានលើកឡើងអំពីស្ថានភាពដូចគ្នានៃភូមិសាស្ត្ររដ្ឋធានីនិងខេត្តទាំងពីរដែលមានទន្លេហាននិងស្ទឹងសែនឆ្លងកាត់ដែលផ្តល់ផលយ៉ាងល្អប្រសើរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយក្នុងនោះ រដ្ឋធានីសេអ៊ូលបានរៀបចំកែលម្អដងទន្លេហាន បានយ៉ាងល្អប្រសើរ។ អភិបាលរដ្ឋធានីសេអ៊ូលបានឯកភាពជាគោលការណ៍លើគម្រោងជំនួយបច្ចេកទេស ដើម្បីនាំយកបទពិសោធន៍ដ៏ល្អរបស់រដ្ឋធានីសេអ៊ូល មកអនុវត្តតាមបែបផែនកម្ពុជាពិសេសនៅតាមដងស្ទឹងសែន របស់ខេត្តកំពង់ធំផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម នួន ផារ័ត្ន បានអញ្ជើញឯកឧត្តម អូ សេហ៊ូន (OH Se-hoon) អភិបាលរដ្ឋធានីសេអ៊ូល មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំអាហារូបករណ៍ជូនមន្ត្រីរាជការខេត្តកំពង់ធំ មកសិក្សានៅសាកលវិទ្យាល័យសេអ៊ូល ដែលជាគ្រឹះស្ថានឧត្តមសិក្សាមួយរបស់រដ្ឋធានីសេអ៊ូល។ ជាមួយគ្នានេះដែរ ឯកឧត្តម អូ សេហ៊ូន អភិបាលរដ្ឋធានីសេអ៊ូល បានឆ្លើយតបជាវិជ្ជមានលើការលើកឡើងរបស់រដ្ឋបាលខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណចំពោះ លោក អូ សេហ៊ូន អភិបាលរដ្ឋធានីសេអ៊ូល ដែលបានទទួលសំណូមពររបស់លោក ពិសេសបង្កើនភាពជិតស្និទ្ធទំនាក់ទំនងល្អរវាងរដ្ឋបាលទាំងពីរផងដែរ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ)





