រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជនបទដោយក្រាលកៅស៊ូបេតុង
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥-- លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងបន្តខិតខំប្រឹងប្រែងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជនបទដោយក្រាលកៅស៊ូបេតុងសំដៅធានាសុវត្ថិភាពការប្រើប្រាស់បានយូរអង្វែងជូនដល់ប្រជាពលរដ្ឋ ស្របនឹងភាពរីកចម្រើនរបស់ប្រទេសជាតិនោះ។

លោកអភិបាលរងខេត្តបានលើកឡើងបែបនេះ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដឹកនាំក្រុមការងារ ចុះពិនិត្យមើលវឌ្ឍនភាពគម្រោងផ្លូវ ក្រាលកៅស៊ូ២ជាន់ (DBST) ពីរខ្សែផ្លូវប្រវែងជិត២០គីឡូម៉ែត្រ ក្នុងនោះមានផ្លូវប្រវែង១២,៤៦គីឡូម៉ែត្រ ចាប់ពីភូមិកក់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ឆ្លងកាត់ឃុំបុស្បូវ ដល់ភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេកដែលបច្ចុប្បន្ន គម្រោងនេះបានអនុវត្តបានប្រមាណ ៥ភាគរយ។ ផ្លូវប្រវែង ៦,៨៧ គីឡូម៉ែត្រ ចាប់ពីភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដល់ភូមិបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ គម្រោងនេះបានអនុវត្តរួចប្រមាណ៥០ភាគរយហើយ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព ស្ពានមួយខ្សែ ដែលកំពុងរៀបចំសាងសង់ឡើងវិញ និងរៀបចំផ្លូវវៀងស្ពានបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋនៅភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក។ ដំណើរការនេះជួយឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ ក្នុងពេលរង់ចាំស្ពានសំណង់ថ្មីនោះ។

លោកបានឱ្យដឹងទៀតថា ការអនុវត្តគម្រោងសាងសង់សំខាន់ៗទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធានាសុវត្ថិភាពចរាចរណ៍និងលើកស្ទួយជីវភាពប្រជាជនតាមតំបន់ហើយត្រូវបានទទួលការសាទរយ៉ាងក្រៃលែងពីប្រជាពលរដ្ឋ បានចូលរួមគាំទ្រដំណើរការនេះយ៉ាងសកម្ម។ ផ្លូវកៅស៊ូទាំពីរខ្សែនេះនៅពេលសាងសង់រួចនោះ គឺពិតជាបានជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមក និងដឹកជញ្ជូនផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ពិសេសការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀន ការដឹកអ្នកជំងឺមកកាន់មណ្ឌលសុខភាពបានទាន់ពេលវេលាផងដែរ។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលានិងគ្រប់ទីកន្លែងទាំងអស់។

ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្តបានណែនាំក្រើនរម្លឹកបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ធ្វើយ៉ាងណាត្រូវបន្តការខិតខំប្រឹងប្រែងជំរុញល្បឿនការសាងសង់ផ្លូវទាំងពីរខ្សែនេះឱ្យឆាប់រួចរាល់ប្រកបដោយគុណភាព និងថែទាំផ្លូវដែលស្ថិតក្នុងគម្រោង និងជាសមិទ្ធផលថ្មី ក្នុងមូលដ្ឋានសម្រាប់ប្រើប្រាស់ដោយទទួលបាននូវគុណភាពខ្ពស់សម្រាប់ប្រើប្រាស់រយៈពេលយូរ និងបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ៕

ដោយ ឈុន សារ៉ាត





