ពិធីសំណេះសំណាលជាមួយស្ត្រីរដ្ឋបាលសាលាខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា
AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និក្មេងស្រីគ្រប់រូប" នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ថ្ងៃនេះយើងបានធ្វើការជួបជុំជាមួយស្ត្រីក្នុងក្របខ័ណ្ឌសាលាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ " សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និក្មេងស្រីគ្រប់រូប"។ នារីរបស់យើងមានសិទ្ធិក្នុងការសម្រេចចិត្តចូលរួមក្នុង សេដ្ឋកិច្ច ការប្រកបអាជីវកម្ម ពិសេសការគ្រប់គ្រងក្រុមគ្រួសារ ហើយសិទ្ធិនេះយើងមានរាល់ថ្ងៃ។ ចំណែកបុរសធ្វើអ្វីបាន នារីក៏មានសមត្ថភាពចាត់ចែងការងារបានដូចគ្នា ហើយសិទ្ធិសេរីភាពនេះ គឺមានភាពស្មើគ្នាទៅនឹងការឧស្សាហ៍ព្យាយាម សិក្សារៀនសូត្រ និងហាត់ពត់លត់ដំហ្វឹកហ្វឺនជំនាញរៀងៗខ្លួន ព្រោះនារីរបស់យើបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គមសម្រាប់អាជីពការងារជាមន្ត្រីរាជការមានឪកាសបំរើប្រជាពលរដ្ឋ បំរើជាតិមាតុភូមិ ដូច្នេះសូមស្រ្តីអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនតាមរយការបម្រើសេវាសាធារណៈជូនដល់សាធារណជនក្នុងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសុខសុវត្ថិភាពសង្គម។ យើងត្រូវតែខិតខំបន្ថែមទៀត ព្រោះយើងមានការផ្លាស់ប្តូរទៅតាមបរិបទនៃការរីកចម្រើននៃប្រទេសជាតិ។ សូមស្ត្រីនៅក្នុងអង្គភាពរដ្ឋបាលខេត្ត ចូលរួមអនុវត្តការងារឱ្យបានកាន់តែល្អបន្ថែមទៀត ហើយរាល់ការងារត្រូវមានលក្ខណល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃទៅតាមលក្ខណៈបច្ចេកទេស លឿន និងមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានបន្តថា ត្រូវពិនិត្យមើលពីប្រសិទ្ធភាពការងារក្នុងការបំរើសេវាសាធារណៈ ពាណិជ្ជកម្ម ទេសចរណ៍ និងសុវត្ថិភាពសាធារណជាដើម ដើម្បីរួមចំណែកចូលរួមអភិវឌ្ឍខេត្តរបស់យើង ព្រោះយើងមានការងារជាច្រើនផ្សេងទៀត ដែលត្រូវរួមគ្នាលើកកម្ពស់សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្រ្តីក្នុងសង្គម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខមាលភាពយេនឌ័រ និងការបង្កើនភាពអង់អាចចំពោះស្រី និងក្មេងស្រី។ កម្ពុជាបាន និងកំពុងទទួលភាគផលពីកិច្ចអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យរួមទាំងសុខសុវត្ថិភាព នៃកំណើនសេដ្ឋកិច្ច ភាពប្រសើរឡើងនូវសេវាសាធារណ និងអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ "ស្ត្រីគឺជាស្នូល" លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងបានធ្វើជាគំរូ ស្ត្រីវ័យក្មេងប្រសព្វក្នុងការអប់រំក្មេងស្រី និងបានដឹកនាំសហគមទទួលបានលទ្ធផលរីកចម្រើន និងភាពរីករាយ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុក៏បានឧបត្ថមជូននារីសាលាខេត្ត នូវសំពត់ផាមួង ១ដុំ ក្រណាត់អាវប៉ាក់១អាវ និងថវិកា១០ម៉ឺនរៀល៕
ដោយ ងូ សុមុនី





