កាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាល គ្រូបង្គោលសង្រ្គោះបឋមប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥--
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលសង្គ្រោះបឋមប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកស្រីសាស្ត្រាចារ្យ អ៊ុ រ៉ាវី សាកលវិទ្យាធិការរងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាទីប្រឹក្សាយុវជន លោកគ្រូ អ្នកគ្រូសាស្រ្តាចារ្យ ឯកឧត្តម លោកជំទាវ លោកលោកស្រីមន្ត្រីនៃទីស្នាក់ការកណ្តាល ក្រុមគ្រូបង្គោលសង្គ្រោះបឋម និងយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុបប្រមាណ៣៥នាក់។ ដែលវគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៦ ដល់ទី០៧ ខែមីនា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការបានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបង្កើតឱ្យមានវគ្គគ្រូបង្គោលសង្គ្រោះបឋមនេះឡើង។

លោកជំទាវបានមានប្រសាសន៍ថា កាលណាក្លាយទៅជាគ្រូបង្គោលសង្គ្រោះបឋមហើយនោះគឺ មានសិទ្ធិ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយបន្ត បណ្តុះបណ្តាលដល់ភ្នាក់ងារសង្គ្រោះបឋមយ៉ាងតិច២៥នាក់នៅក្នុងសាកលវិទ្យាល័យនិងធ្វើការការផ្សព្វផ្សាយយ៉ាងតិចមួយខែឱ្យបានម្តង។ វិជ្ជាសង្គ្រោះបឋមគឺជាបំណិនជីវិតដ៏មានសារៈសំខាន់ សម្រាប់ជាមេរៀន និងជាការអនុវត្តក្នុងការជួយសង្គ្រោះជនរងគ្រោះបានភ្លាមៗ មិនថានៅផ្ទះ នៅតាមសាលា ឬនៅទីកន្លែងណាមួយនោះទេ គឺមុនពេលដែលរថយន្តសង្គ្រោះឬគ្រូពេទ្យមកដល់។

លោកជំទាវអគ្គលេខាធិការបានផ្តាំផ្ញើ ដល់ក្មួយៗជាគ្រូបង្គោលដែលទទួលបានការបណ្តុះបណ្តាលនាពេលនេះ ត្រូវរៀបចំផែនការបណ្តុះបណ្តាលដាក់ជូនថ្នាក់ដឹកនាំសាកលវិទ្យាល័យ ស្នើសុំពេលក្នុងការផ្សព្វផ្សាយឱ្យបានមួយខែម្តងដើម្បីរំលឹកទ្រឹស្តី និងការអនុវត្តនូវមេរៀនដែលបានរៀនកន្លងមក ដើម្បីកុំឱ្យភ្លេច ឬពេលកើតហេតុភ្លាមៗយើងមិនមានស្មារតីគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះជនរងគ្រោះ។ ជាមួយគ្នានេះត្រូវខិតខំសិក្សា និងសួរទៅកាន់គ្រូជំនាញឱ្យបានច្បាស់លាស់ ត្រូវចេះឱ្យប្រាកដ ព្រោះអាយុជីវិតរបស់ជនរងគ្រោះស្ថិតនៅយើងដែលជាអ្នកសង្គ្រោះ និងត្រូវផ្លាស់ប្តូរវេនគ្នាដើម្បីធ្វើការផ្សព្វផ្សាយនិងបណ្តុះបណ្តាលបន្ត ពីព្រោះវិជ្ជាសង្គ្រោះបឋមមិនត្រឹមតែសង្គ្រោះបឋមផ្លូវកាយនោះទេ តែក៏ជាការសង្គ្រោះបឋមផ្លូវចិត្តផងដែរ៕
ដោយ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





