ប៊ុលហ្គារីនឹងចូលរួមក្នុងពិធីពិព័រណ៍ពិភពលោកឆ្នាំ២០២៥ នៅទីក្រុងអូសាកា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ -- ក្រសួងទេសចរណ៍របស់ប្រទេសប៊ុលហ្គារីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីពេលថ្មីៗនេះថា ប្រទេសប៊ុលហ្គារីនឹងមានពន្លាជាតិមួយនៅឯពិធីពិព័រណ៍ពិភពលោកឆ្នាំ២០២៥ នៅទីក្រុងអូសាកា ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា។ ពន្លានេះនឹងមានកម្រិតខ្ពស់បំផុតប្រភេទ A នៅលើផ្ទៃដីទំហំ ៣៧៦ម៉ែត្រក្រឡា ជាមួយនឹងគំនិតរួមបញ្ចូលនូវអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ និស្សិតប៊ុលហ្គារីដែលត្រូវបានជ្រើសរើសពីកម្មវិធីសិក្សាទេសចរណ៍ និងភាសាជប៉ុននៅទូទាំងប្រទេសប៊ុលហ្គារីនឹងធ្វើការងារទាំងនេះ។
សាកលវិទ្យាល័យទាំងអស់នៅក្នុងប្រទេសដែលផ្តល់កម្មវិធីទាំងពីរនេះ ត្រូវបានអញ្ជើញឱ្យដាក់ពាក្យសុំចូលរួមរបស់ពួកគេ។ ក្រសួងទេសចរណ៍នឹងជ្រើសរើសនិស្សិតចំនួន ៦០នាក់ឱ្យមកបម្រើការងារឆ្លាស់វេនគ្នានៅក្នុងព្រះពន្លាដែលរយៈពេលប្រាំមួយខែនេះ។
ពិធីពិព័រណ៌ពិភពលោកឆ្នាំ២០២៥ ត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួមជាង ២៨លាននាក់ ដោយ ៩០% នៃអ្នកទាំងនោះមកពីប្រទេសជប៉ុន។ ប្រទេសប៊ុលហ្គារីសង្ឃឹមថានឹងស្វាគមន៍ពួកគេមួយចំនួនធំទៅកាន់ព្រះពន្លាផ្ទាល់ខ្លួនដែលនឹងបើកឱ្យភ្ញៀវចូលទស្សនា ១២ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍សម្រាប់រយៈពេល ២៧សប្តាហ៍៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





