លោក ពូទីន៖ យោធាមីយ៉ាន់ម៉ានឹងចូលរួមក្នុងក្បួនព្យុហយាត្រាជ័យជំនះនៅទីក្រុងម៉ូស្គូនៅថ្ងៃទី៩ ខែឧសភា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា លោកបានអញ្ជើញនាយករដ្ឋមន្រ្តីមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង (Min Aung Hlaing) ចូលរួមក្នុងពិធីបុណ្យ VE-Day នៅទីក្រុងម៉ូស្គូ នៅថ្ងៃទី០៩ ខែឧសភាខាងមុខ។
លោកបាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីមីយ៉ាន់ម៉ាដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូថា «ខ្ញុំបានអញ្ជើញលោក មីន អ៊ុងលាំង ឱ្យចូលរួមក្នុងការប្រារព្ធខួបលើកទី៨០ នៃជ័យជំនះលើសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ [ឆ្នាំ១៩៤១-១៩៤៥] (រណសិរ្សបូព៌ាក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទី២ ដែលអតីតសហភាពសូវៀតបានប្រយុទ្ធជាមួយក្រុមណាហ្ស៊ីអាល្លឺម៉ង់ នៅថ្ងៃទី០៩ ខែឧសភា»។
លោកបាននិយាយបន្ថែមថា «យោងតាមកិច្ចព្រមព្រៀងរបស់យើង អង្គភាពមួយនៃកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ានឹងចូលរួមក្បួនព្យុហយាត្រានៅលើទីលានក្រហមរួមជាមួយនឹងយោធារុស្ស៊ី»។
ប្រធានាធិបតីរុស្ស៊ីបានអញ្ជើញមេដឹកនាំពិភពលោកជាច្រើនរូបឱ្យចូលរួមក្នុងទិវា VE-Day នៅទីក្រុងម៉ូស្គូ។ ប្រទេសជាមិត្តជាច្រើនដែលរួមទាំងប្រទេសបេឡារុស្ស និងម៉ុងហ្គោលី នឹងបញ្ជូនយោធារបស់ពួកគេទៅចូលរួមក្នុងក្បួនព្យុហយាត្រាយោធានៅលើទីលានក្រហម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





