វិមានក្រឹមឡាំងនិយាយថា ទីក្រុងមីនស្ក៍ជាកន្លែងល្អបំផុតសម្រាប់កិច្ចចរចាអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ -- ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) នៅទីក្រុងមីនស្ក៍ (Minsk) មិនទាន់ត្រូវបានពិភាក្សានៅឡើយទេ ប៉ុន្តែរដ្ឋធានីនៃប្រទេសបេឡារុស្សមួយនេះនឹងក្លាយជាកន្លែងដ៏ល្អបំផុតសម្រាប់ទីក្រុងម៉ូស្គូ។ នេះបើយោងតាមអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov)។
លោកបាននិយាយនៅពេលដែលត្រូវបានចោទសួរថា តើកិច្ចចរចានៅទីក្រុងមីនស្ក៍អាចទៅរួចដែរឬទេ ថា «វាមិនត្រូវបានគេលើកឡើង និងមិនត្រូវបានពិភាក្សាក្នុងវិធីណាមួយនោះទេ។ ប៉ុន្តែជាការពិតណាស់ ទីក្រុងមីនស្ក៍ គឺជាកន្លែងដ៏ល្អបំផុតសម្រាប់ពួកយើង។ នេះជាសម្ព័ន្ធមិត្តដ៏សំខាន់របស់យើង ហើយនេះជាមូលហេតុដែលវាជាទីតាំងដ៏ល្អបំផុតសម្រាប់ពួកយើងសម្រាប់កិច្ចចរចា»។
ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដឺរ លូកាស្សិនកូ (Alexander Lukashenko) នៅពេលមុននេះបាននិយាយថា ទីក្រុងមីនស្ក៍បានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចចរចានេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





