ថៃបង្ហាញការវិនិយោគ ១០៦លានដុល្លារអាម៉េរិកទៅលើបច្ចេកវិទ្យាអាកាសចរណ៍
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ -- ប្រទេសថៃបានប្រកាសអំពីផែនការពង្រឹងសមត្ថភាពអាកាសចរណ៍របស់ខ្លួនដោយការវិនិយោគទឹកប្រាក់ចំនួន ៣,៦ពាន់លានបាត (ជាង ១០៦លានដុល្លារអាម៉េរិក) នៅក្នុងបច្ចេកវិទ្យាទំនើប ក្នុងគោលបំណងធ្វើឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់នៅត្រឹមឆ្នាំ២០៣៧។
វិទ្យុអាកាសចរណ៍ថៃ (AEROTHAI) បាននិយាយថា ការអនុវត្តដើម្បីធ្វើទំនើបកម្មការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅទូទាំងអាកាសយានដ្ឋានសំខាន់ៗនេះ នឹងបង្កើនសមត្ថភាពហោះហើរប្រចាំឆ្នាំពី ១,២លានជើង ទៅ ២លានជើងនាពេលបច្ចុប្បន្ន។
លោក ណូប៉ាស៊ីត ចាកពីតាក (Nopasit Chakpitak) ប្រធាន AEROTHAI បាននិយាយថា សមត្ថភាពអាកាសចរណ៍នឹងត្រូវបានពង្រឹងនៅច្រកទ្វារអន្តរជាតិថ្មីចំនួនបី គឺអាកាសយានដ្ឋានយូតាប៉ៅ និងទីក្រុងអាកាសចរណ៍ភាគខាងកើត អាកាសយានដ្ឋានអន្តរជាតិអាន់ដាម៉ាន់ (ខេត្តផាងង៉ា) និងអាកាសយានដ្ឋានឡាន់ណា (ខេត្តឡាំភុន) ដែលគ្រោងនឹងបញ្ចប់នៅចន្លោះឆ្នាំ២០២៩ ដល់ឆ្នាំ២០៣០។
ទឹកប្រាក់ចំនួន ៣,៦ពាន់លានបាតរបស់ AEROTHAI នឹងត្រូវបានបែងចែកស្មើៗគ្នាសម្រាប់អាកាសយានដ្ឋានទាំងបី ដោយអាកាសយានដ្ឋាននីមួយៗនឹងទទួលបានថវិកាប្រហែល ១,២ពាន់លានបាត ដើម្បីកសាងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសសម្រាប់ផ្លូវរត់ពីរគន្លង និងជើងហោះហើរជាង ១០០.០០០ជើងក្នុងមួយឆ្នាំ។
ការផ្តល់មូលនិធិនេះនឹងត្រូវបានធានាតាមរយៈប្រាក់កម្ចី ដោយមានការពិភាក្សាជាបន្តបន្ទាប់ជាមួយអ្នកផ្តល់ប្រាក់កម្ចីដែលមានសក្តានុពលមួយ ឬពីរ។ ប្រាក់កម្ចីនោះនឹងមិនត្រូវបានគាំទ្រដោយរដ្ឋាភិបាលទេ ដើម្បីជៀសវាងបន្ទុកបំណុលសាធារណៈដែលអាចកើតមាន។
AEROTHAI កំពុងអនុវត្តប្រព័ន្ធប៉មឌីជីថលនៅតាមអាកាសយានដ្ឋាននានានៅទូទាំងប្រទេសថៃ ដោយស្របតាមស្តង់ដារអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដើម្បីលុបបំបាត់ចំណុចងងឹត និងបង្កើនសុវត្ថិភាព។
ប៉មឌីជីថលនោះនឹងត្រូវបានដាក់ឱ្យដំណើរការជាពីរដំណាក់កាល ដោយអាកាសយានដ្ឋានសុវណ្ណភូមិ ដុនមឿង ភូកេត ឈៀងម៉ៃ ហាតយ៉ៃ និងសាមុយ នឹងប្រើប្រាស់ប្រព័ន្ធនេះនៅក្នុងឆ្នាំ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





