សហរដ្ឋអាមេរិកផ្អាកការបញ្ជូនសម្ភារៈយោធាទៅអ៊ុយក្រែនតាមរយៈប៉ូឡូញ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ -- គេហទំព័រសារព័ត៌មាន onet.pl បានរាយការណ៍ថា ការផ្គត់ផ្គង់យោធាដែលទៅដល់ពីសហរដ្ឋអាមេរិកនៅមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងទីក្រុង Rzeszow របស់ប្រទេសប៉ូឡូញ មិនត្រូវបានដឹកជញ្ជូនទៅអ៊ុយក្រែនទៀតទេ ប៉ុន្តែត្រូវបានបញ្ជូនបន្តទៅកាន់មូលដ្ឋាននៅក្បែរនោះនៃកងពលតូចទ័ពអាកាសទី៨២ របស់សហរដ្ឋអាមេរិក។
បុគ្គលិកប៉ូឡូញម្នាក់នៅមជ្ឈមណ្ឌលដឹកជញ្ជូននោះបានប្រាប់សារព័ត៌មានថា «រហូតមកដល់ពេលថ្មីៗនេះ យើងបានទទួលការផ្គត់ផ្គង់ពីសហរដ្ឋអាមេរិកតាមយន្តហោះ ហើយបានផ្ទុកវាឡើងវិញនៅលើឡានដឹកទំនិញ ឬរថយន្តផ្លូវដែក ហើយបញ្ជូនវាទៅកាន់ព្រំដែនអ៊ុយក្រែន។ ឥឡូវនេះ ដោយផ្អែកលើសំណើរបស់អាម៉េរិក យានជំនិះទាំងអស់ដែលដឹកមកពីសហរដ្ឋអាមេរិកត្រូវបានដកចេញ ហើយបញ្ជូនទៅមូលដ្ឋានទ័ពអាមេរិកដែលនៅក្បែរនោះ»។ លោកបាននិយាយបន្ថែមថា «ការផ្គត់ផ្គង់នេះត្រូវបានគេរំពឹងថានឹងត្រូវរង់ចាំសេចក្តីសម្រេចចិត្តបន្ថែមទៀត» នៅមូលដ្ឋានអាម៉េរិក។
សមាជិកនៃកងពលតូចទ័ពអាកាសទី៨២ របស់សហរដ្ឋអាមេរិក បានទៅដល់ទីក្រុង Rzeszow នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២។ យោងតាមទិន្នន័យក្រៅផ្លូវការ បានឱ្យដឹងថា ចំនួនកងទ័ពនោះមានប្រហែល ១០.០០០នាក់។
គេហទំព័រសារព័ត៌មាននោះបានកត់សម្គាល់ថា ការផ្គត់ផ្គង់យោធាមកដល់ទីក្រុង Rzeszow ពីប្រទេសផ្សេងៗទៀតនឹងត្រូវបញ្ជូនបន្តទៅអ៊ុយក្រែន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





