កូរ៉េខាងត្បូង និងថៃ បើកកិច្ចចរចារភាពជាដៃគូសេដ្ឋកិច្ចជុំទី៤
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ -- សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងប្រទេសថៃកំពុងរៀបចំកិច្ចចរចាលើកទី៤ សម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទ្វេភាគី (EPA) នៅទីក្រុងសេអ៊ូល ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមីនា។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា គណៈប្រតិភូកូរ៉េខាងត្បូងត្រូវបានដឹកនាំដោយលោក រ៉ូ គិនគី (Roh Keon-ki) អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្មនៃក្រសួង។ ជាមួយគ្នានេះដែរ គណៈប្រតិភូថៃដឹកនាំដោយលោកស្រី ចូទីម៉ា ឡឺមសាវ៉ាស់ឌីគុណ (Chotima Iemsawasdikul) អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ។ គណៈប្រតិភូនីមួយៗមានសមាជិកចំនួន ៥០នាក់ដែលមកពីក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស ក្រសួងហិរញ្ញវត្ថុ ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន និងធនធានធម្មជាតិ។
ក្នុងអំឡុងពេលនៃកិច្ចចរចាលើកទី៤ នេះ ភាគីទាំងពីរគ្រោងនឹងផ្តោតការយកចិត្តទុកដាល់ទៅលើវិស័យចំនួន១៧ ដែលគ្របដណ្តប់លើទំនិញ និងសេវាកម្ម បច្ចេកវិទ្យាឌីជីថល លទ្ធកម្មរបស់រដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ភាគីទាំងពីរក៏នឹងពិភាក្សាគ្នាអំពីវិធីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាវិស័យសេដ្ឋកិច្ច ឌីជីថលភាវូបនីយកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
ចាប់តាំងពីប្រទេសទាំងពីរបានចាប់ផ្តើមកិច្ចចរចា EPA ជាផ្លូវការកាលពីក្នុងខែមីនា ឆ្នាំ២០២៤ មក ភាគីទាំងពីរបានបើកកិច្ចចរចាចំនួនបីនៅក្នុងខែកក្កដា ខែកញ្ញា និងខែធ្នូ ឆ្នាំ២០២៤។ ប្រទេសទាំងពីរបានធ្វើកិច្ចពិភាក្សាយ៉ាងទូលំទូលាយជាមួយនឹងគោលដៅនៃការបញ្ចប់កិច្ចព្រមព្រៀងក្នុងកម្រិតខ្ពស់ជាង FTA រវាងកូរ៉េខាងត្បូង-អាស៊ាន ឬភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
លោក រ៉ូ គិនគី ប្រធានគណៈប្រតិភូកូរ៉េខាងត្បូងបាននិយាយថា បរិយាកាសពាណិជ្ជកម្មពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលបង្កើនភាពមិនច្បាស់លាស់សម្រាប់សេដ្ឋកិច្ចនៃប្រទេសនានា រួមទាំងប្រទេសកូរ៉េខាងត្បូងផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





