ឥណ្ឌូណេស៊ី៖ ផ្ទះរាប់ពាន់ខ្នងលិចទឹកដោយសារគ្រោះទឹកជំនន់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ -- គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរបានវាយប្រហារតំបន់ភាគច្រើនក្នុងទីក្រុងហ្សាកាតា និងទីក្រុងរណបរបស់ខ្លួនកាលពីថ្ងៃទី០៤ ខែមីនា បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងចូលទៅក្នុងតំបន់ទាំងនោះចាប់តាំងពីល្ងាចថ្ងៃទី០៣ ខែមីនា ដោយបានធ្វើឱ្យផ្ទះរាប់ពាន់ខ្នងត្រូវលិចទឹក ហើយអ្នកស្រុករាប់រយនាក់រងផលប៉ះពាល់។
វីដេអូមួយចំនួនដែលថតដោយអ្នកស្រុក បានបង្ហាញពីគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរជាមួយនឹងកម្រិតទឹកឡើងដល់ដំបូលផ្ទះ និងលិចរថយន្តទាំងមូល។ គ្រោះទឹកជំនន់នោះក៏បានបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅទូទាំងទីក្រុងទាំងនោះផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមការងាររួមគ្នាមួយមកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ នាយកដ្ឋានពន្លត់អគ្គីភ័យ និងក្រុមស្វែងរក និងជួយសង្គ្រោះ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ដែលរងផលប៉ះពាល់ដើម្បីជួយក្នុងការជម្លៀសប្រជាជន និងការឆ្លើយតបបន្ទាន់។
ប្រធានទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី លោកស្រី ឌីវីកូរីតា កាណាវ៉ាទី (Dwikorita Karnawati) បាននិយាយថា គ្រោះទឹកជំនន់ត្រូវបានព្យាករណ៍នៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេស ដោយលោកស្រីបាននិយាយបន្ថែមថា បញ្ហាអាកាសធាតុខ្លាំងទំនងជានឹងបន្តនៅក្នុងទីក្រុងហ្សាកាតា និងទីក្រុងជុំវិញនៅក្នុងសប្តាហ៍នេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





