ឥណ្ឌូណេស៊ីគ្រោងគម្រោងថាមពលជាង២០ នៅក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងចាប់ផ្តើមគម្រោងថាមពលជាង២០ នៅក្នុងឆ្នាំ២០២៥ ជាមួយនឹងការវិនិយោគទឹកប្រាក់សរុបប្រហែល ៤០ពាន់លានដុល្លារអាម៉េរិក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពចម្រាញ់ក្នុងស្រុក និងពង្រឹងសន្តិសុខថាមពល។
ក្នុងចំណោមគម្រោងដែលបានគ្រោងទុកទាំងនោះ មានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសឥណ្ឌូណេស៊ីទៅលើឧស្ម័នប្រេងរាវដែលបាននាំចូល (LPG)។ ប្រទេសនេះក៏នឹងសាងសង់រោងចក្រចម្រាញ់ប្រេងថ្មីមួយដែលមានសមត្ថភាពផលិតផបានប្រហែល ៥០០.០០០បារ៉ែលក្នុងមួយថ្ងៃ និងកន្លែងស្តុកប្រេង។
យោងតាមរដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូណេស៊ី លោក បាហ៊ីល ឡាហាដាលៀ (Bahlil Lahadalia) បានឱ្យដឹងថា គម្រោងទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ។ ការផ្តល់មូលនិធិនឹងត្រូវបានចេញជាផ្នែកមួយពីមូលនិធិ Danantara ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់ឥណ្ឌូណេស៊ីដែលបានបង្កើតឡើងថ្មី ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីខែមុន និងគ្រប់គ្រងទ្រព្យសម្បត្តិជាង ៩០០ពាន់លានដុល្លារអាម៉េរិក។
បើទោះបីជាឥណ្ឌូណេស៊ីជាប្រទេសសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ក៏ដោយ ក៏ឥណ្ឌូណេស៊ីនៅតែពឹងផ្អែកខ្លាំងលើធ្យូងថ្ម និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្លាំងជាងគេរបស់ពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បានសន្យាថានឹងបញ្ឈប់ការផលិតថាមពលធ្យូងថ្មក្នុងរយៈពេល ១៥ឆ្នាំ និងសម្រេចឱ្យបាននូវការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ២០៥០។
លើសពីនេះទៀត លោក ប្រាបូវ៉ូ មានគោលបំណងបង្កើនកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌូណេស៊ីពី ៥% ទៅ ៨% នាពេលបច្ចុប្បន្ន ខណៈដែលលោកបានបញ្ជាឱ្យកាត់បន្ថយថវិកាយ៉ាងច្រើននៅទូទាំងភ្នាក់ងាររដ្ឋាភិបាល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





