កិច្ចប្រជុំសាមញ្ញាលើកទី១០ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤
AKP កំពង់ធំ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកំពង់ធំបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត ដើម្បីឆ្លងនូវរបៀបវារៈនៃកិច្ចប្រជុំ រួមមាន៖ ១. ពិនិត្យនិងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៩ របស់ក្រុមប្រឹក្សាខេត្ត ២. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ស្តីពីក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត រយៈពេល៥ឆ្នាំ (២០២៥-២០២៩) និង៤.បញ្ហាផ្សេងៗ។

បន្ទាប់ពីសមាជិកនៃអង្គប្រជុំបានពិនិត្យ និងអនុម័តតាមរបៀបវារៈនៃកិច្ចប្រជុំរួចមក ឯកឧត្តម ដៀប ពីរី មានប្រសាសន៍លើកឡើងថា កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ជាកិច្ចប្រជុំមួយសម្រាប់ត្រួតពិនិត្យនូវរបាយការណ៍សកម្មភាព និងសមិទ្ធផលនានាតាមមន្ទីរអង្គភាពប្រចាំខែ ព្រមទាំងពិនិត្យ និងកែសម្រួលខ្លឹមសារ អក្ខរាវិរុទ្ធលើរបាយការណ៍ឱ្យបានត្រឹមត្រូវ មានលក្ខណៈពេញលេញ ដើម្បីរក្សាទុកចងក្រងជាឯកសារនូវសកម្មភាពការងាររបស់រដ្ឋបាលខេត្ត។

ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់រួមដៃគ្នាអភិវឌ្ឍខេត្តកំពង់ធំឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ព្រមទាំងអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព បានល្អប្រសើរ ដើម្បីថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋរស់នៅមានភាពសុខុមរមនា ជាពិសេសពាក់ព័ន្ធការបង្ក្រាបទប់ស្កាត់បញ្ហាក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសធនធានធម្មជាតិ បទល្មើសនេសាទ និងទប់ស្កាត់បានមិនឱ្យមានការកាប់ទន្ទ្រានដីតំបន់៣ទទួលបានប្រសិទ្ធភាព៕

ដោយ ស៊ុម វណ្ណា





