ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្តូបឈ្នះ ឈ្នះ ប៉ៃលិន
AKPភ្នំពេញថ្ងៃទី៦ខែមីនាឆ្នាំ២០២៥--ក្នុងឱកាសចុះសាកសួរសុខទុក្ខកងទ័ព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានចុះពិនិត្យការដ្ឋានសាងសង់ស្តូបឈ្នះ ឈ្នះ ប៉ៃលិន។

សូមបញ្ជាក់ថា៖ ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ប៉ៃលិន បានប្រារព្ធពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅខេត្តប៉ៃលិន ដែលពិធីបើកការដ្ឋានបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណ:កម្មាការសាងសង់វិមានឈ្នះ ឈ្នះ។ ស្តូបឈ្នះ ឈ្នះ ប៉ៃលិន ទំហំ៥៩ X ៥៩ម៉ែត្រ និងកម្ពស់៥០.៩ម៉ែត្រ។

ប៉ៃលិន គឺជាកន្លែងបំផ្ទុះដ៏ធំបំផុត នៃនយោបាយឈ្នះ ឈ្នះ ជាចលនាមួយដ៏គគ្រិកគគ្រេង និងឈានទៅធ្វើសមាហរណកម្មកម្លាំងជាមួយរដ្ឋាភិបាល ហើយអន្លុងវែងជាកន្លែងចុងក្រោយ ដែលបានបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ប៉ៃលិន ដែលបានសាងសង់នាពេលនេះ នឹង ក្លាយជាមជ្ឈមណ្ឌលវប្បធម៌សន្តិភាព ដើម្បីការអប់រំ តាំងពិព័ណ៌ តម្កល់ភស្តុតាងនានា ឯកសារ ខ្លឹមសារប្រវត្តិសាស្រ្តពិត ស្តីពីនយោបាយឈ្នះ ឈ្នះ អំពីរឿងរ៉ាវ នៃវីរភាពរបស់វីរជនស្នេហាជាតិយើងយ៉ាងច្រើនឥតគណនា ដែលបានធ្វើពលិកម្មលះបង់ជីវិត ដើម្បីបុព្វហេតុសន្តិភាព និងសេចក្តីសុខក្សាមក្សាន្តប្រជាជនគ្រប់ជំនាន់ ទុកដល់កូនចៅបន្តវេន ដើម្បីសិក្សាស្រាវជ្រាវរៀនសូត្រចិញ្ចឹមស្មារតីប្តូរផ្តាច់ថែរក្សាសន្តិភាពអោយបានស្ថិតស្ថេរគង់វង្សជាអមត:។
ការសាងសង់វិមានឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ និងស្តូបឈ្នះ ឈ្នះ និងនៅតាមខេត្តមួយចំនួន បានកើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន គឺជាការអរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលបានបង្ហាញ៖ ទី១.វប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់ភាពស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសន្តិភាព ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព, ទី២.ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ, ទី៣.បញ្ចាក់ពីសច្ចភាពប្រវត្តិសាស្ត្រពិត ដែលបានកើតចេញលើកដំបូងនោះ ពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និងទី៤.ជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយ សិក្សាស្វែងយល់នូវប្រវត្តិសាស្ត្រពិតរបស់ខេត្តនីមួយៗ បញ្ជាក់ពីវីរភាពពិតរបស់កូនខ្មែរសម័យនេះ និងចរឹតកត់ត្រាពីសមត្ថភាពចំណេះដឹង តម្លៃពិតប្រាកដ នៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។

តាមរយៈនយោបាយឈ្នះ ឈ្នះ នៅក្នុងរយៈពេល២៦ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានដឹកនាំប្រទេសជាតិ ធ្វើឱ្យមានការ រីកចម្រើនលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធ។ ស្តូបឈ្នះ ឈ្នះ ប៉ៃលិន ពេលសាងសង់រួចនឹង ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដែលជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍវិស័យវប្បធម៌ប្រវត្តិសាស្ត្រទេសចរណ៍ សេដ្ឋកិច្ច សង្គម និងយុទ្ធសាស្ត្របន្ថែមទៀត។ ស្តូបឈ្នះ ឈ្នះ ប៉ៃលិន ជានិមិត្តរូបសន្តិភាព ក្នុងខេត្តប៉ៃលិន ដែលសន្តិភាពបានមកពីនយោបាយឈ្នះ ឈ្នះ។ ខេត្តប៉ៃលិន បានទទួលសមិទ្ធផលជាច្រើនពីសន្តិភាព រហូតមកដល់បច្ចុប្បន្នបានប្រែក្លាយទឹកដីខេត្តប៉ៃលិនពីតំបន់សមរភូមិគួរឱ្យខ្លាច មកជាតំបន់ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ពីតំបន់ដែលពោរពេញដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ទុកពីភ្លើងសង្រ្គាម ប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ ហើយតំបន់ព្រំដែន ក៏បានក្លាយជាព្រំដែនមិត្តភាព មានកិច្ចសហប្រតិបត្តិការខេត្តជាប់ព្រំដែន ដែលមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ ៕
ដោយសំ សាម៉ន,ប្រភព៖ក្រសួងការពារជាតិ





