រដ្ឋមន្ត្រីក្រសួងអប់រំ៖ គុណតម្លៃសាសនារួមវិភាគទានដ៏សំខាន់ដល់សាមគ្គីភាព ឯកភាពនៅក្នុងសង្គម សន្តិភាព និងការអភិវឌ្ឍ
AKP ភ្នំពេញ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥--ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា គុណតម្លៃសាសនា ដូចជា ព្រហ្មវិហារធម៌ សង្គហធម៌ សីលប្រាំ ការគោរពអ្នកដទៃ និងស្មារតីបម្រើមនុស្សជាតិជាដើម មានឥទ្ធិពលគ្របដណ្តប់លើទស្សនៈនៃការដឹកនាំ ប្រព័ន្ធនយោបាយ ច្បាប់ និងវប្បធម៌សង្គម ដែលបានជះឥទ្ធិពលដល់ផ្នត់គំនិត ឥរិយាបថ និងសកម្មភាពមនុស្សឱ្យមានលក្ខណៈប្រហាក់ប្រហែលគ្នា អាចរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ហើយគឺជាសមាសធាតុដ៏សំខាន់សម្រាប់ការថែរក្សាសិនិទ្ធភាពសង្គម ស្ថិរភាពសង្គម ជាពិសេសរួមវិភាគទានដ៏សំខាន់ដល់សាមគ្គីភាព ឯកភាពនៅក្នុងសង្គម សន្តិភាព និងការអភិវឌ្ឍ។

ការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងធម្មការនិងសាសនា កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា នៅក្នុងប្រទេសកម្ពុជាយើង ទោះបីជាមានការប្រតិបត្តិជំនឿសាសនាផ្សេងគ្នា ឬនិកាយខុសគ្នា ប៉ុន្តែក៏គ្មានប្រជាពលរដ្ឋណាម្នាក់ ឬសាសនាណាមួយត្រូវបានរើសអើង ដោយសារតែការគោរពជំនឿសាសនារបស់ពួកគេនោះទេ។ ទោះបីជាសាសនាជាប្រភពផ្ដល់គុណតម្លៃអប់រំមនុស្សឱ្យមានស្មារតីចាស់ទុំមនសិការខ្ពង់ខ្ពស់ និងជួយឱ្យមានសាមគ្គីធម៌ក្នុងសង្គម ប៉ុន្តែសាសនាក៏អាចនាំមកនូវទំនាស់ និងការបែកបាក់ផងដែរ។ កត្តានេះទាមទារការគិតគូរឱ្យបានស៊ីជម្រៅនិងមានយុទ្ធសាស្រ្ត ការសម្របសម្រួល និងភាពបត់បែនខ្ពស់ ដែលមានចរិត “ទន់ភ្លន់ តែម៉ឺងម៉ាត់”។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមគាំទ្រដល់ស្មារតីរបស់អង្គសន្និបាតរបស់ក្រសួងធម្មការ និងសាសនា ដែលបានកំណត់បន្តអនុវត្តគោលនយោបាយ «លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា» និងយុទ្ធសាស្ត្រចំនួន៥ សម្រាប់បន្តអនុវត្ត ដែលរួមមាន៖ ទី១) លើកកម្ពស់សាសនារបស់រដ្ឋ ទី២) ការលើកកម្ពស់សីលធម៌សង្គម ទី៣) ការរក្សាសុខដុមនីយកម្មសាសនា ទី៤) ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត និង ទី៥) អភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស៕

ដោយ៖ ចាន់ សុភឿន ,ប្រភព៖ ក្រសួងអប់រំ





