អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសំណូមពរឱ្យសហគមន៍ទេសចរណ៍កោះហាន រ៉ាមសា ប្រើប្រាស់App NoDrug
AKP ស្ទឹងត្រែង ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ -- ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី០៥ ខែ មីនា ឆ្នាំ ២០២៥ បានជួបប្រជាសហគមន៍ទេសចរណ៍កោះហាន រ៉ាមសា ដើម្បីបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀននិងជំរុញការប្រើប្រាស់ App NoDrug ដើម្បីទទួលចំណេះដឹង និងរាយការណ៍ក្នុងករណីមានបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍ក៏ដូចជាមូលដ្ឋានរបស់ពួកគាត់។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណដល់សហគមន៍និងបានលើកយកនូវអត្ថប្រយោជន៍ក៏ដូចជាមុខងារនានាដែលមានបំពាក់ក្នុងApp NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មាន: កំសាន្តអប់រំ ព័ត៌មាន មេរៀន ការស្វែងរកការព្យាបាលហើយនិងមុខងាររាយការណ៍សម្រាប់ស្វែងរកអន្តរាគមន៍ពីអាជ្ញាធរដោះស្រាយ។

ជាមួយនឹងការចាប់អារម្មណ៍ពី App NoDrug លោក ជួន ចិត្ត ដែលជាអ្នកបើកបរទូកទេសចរណ៍នៃសហគមន៍កោះហាន រ៉ាមសា បានប្រាប់ឱ្យដឹងថាសហគមន៍ទេសចរណ៍កោះហានគឺជារមនីយដ្ឋានទេសចរណ៍ធម្មជាតិនៃដងទន្លេមេគង្គដែលផ្ដល់នូវទឹកត្រជាក់ ធម្មជាតិស្រស់ បំព្រងមានម្លប់ឈើធំៗ និងខ្សាច់សស្អាត ដែលគួរជាទីរមនាសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហើយបច្ចប្បន្ននេះមានអ្នកទេសចរណ៍ជាតិនិងអន្តរជាតិបានមកកំសាន្តនៅទីរមណីយដ្ឋានកោះហាន រ៉ាមសា នេះយ៉ាងច្រើន ជាលក្ខណៈគ្រួសារដើម្បីងូតទឹកលេងយ៉ាងត្រជាក់ បោះតង់ ក៏ដូចជាកម្មវិធីពិកនិកអាំងសាច់ញ៉ាំលេងយ៉ាងសប្បាយរីករាយបំផុត៕

ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន





