កិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥-- ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ បានប្រារព្ធធ្វើកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក និងមន្ទីរនានាជុំវិញខេត្តដើម្បីត្រួតពិនិត្យមើលការងាររបស់រដ្ឋបាលខេត្តដែលអនុវត្តកន្លងមក និងជំរុញទិសដៅបន្តឱ្យមានប្រសិទ្ធភាពនោះ។
ក្នុងឱកាសនោះ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះមានសារសំខាន់ណាស់ ក្នុងការពិនិត្យ និងវាយតម្លៃលើការអនុវត្តផែនការអភិវឌ្ឍន៍ខេត្ត ក្នុងរយៈពេលកន្លងមក និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត។ ខ្ញុំសូមជំរុញដល់គ្រប់អង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តផែនការទាំងនោះ។


ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ ក៏ដូចអាជ្ញាធរដែនដីសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរ ជាពិសេសក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយគុណភាព និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត។


ទន្ទឹមនឹងនេះ លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី បានថ្លែងអំណរគុណចំពោះសមាជិកក្រុមប្រឹក្សាខេត្ត និងគ្រប់អង្គភាពពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ខេត្ត ក្នុងរយៈពេលកន្លងមក និងបានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុវត្តច្បាប់ និងបទបញ្ញត្តិឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងបានក្រើនរម្លឹកដល់មន្ត្រីរាជការទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថាកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ ក្រុមប្រឹក្សាខេត្ត។ សេចក្តីព្រាង របាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។ សេចក្តីព្រាងរបាយការណ៍បូកសរុបការអនុវត្តការបិទបញ្ជីចំណូល-ចំណាយ ថវិកាប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។ សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្ម ការរៀបចំគម្រោងខេត្ត។ សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការ ផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្ត សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និង ថវិកាពង្រឹងយន្តការរដ្ឋបាល៕
ដោយ ឈុន សារ៉ាត





