រសៀលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតី ក្នុង“ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥” និង “ពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីទូទាំងប្រទេសលើកទី៦”
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងឱកាស “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥” និង “ពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីទូទាំងប្រទេសលើកទី៦ ” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ។

ពិធីជួបជុំនៅពេលនេះ គឺជាការចូលរួមពីគ្រប់សមាសភាពនៃសង្គមជាតិយើង រួមមានតំណាងក្រសួងស្ថាប័ន ដែលពាក់ព័ន្ធនិងវិស័យវប្បធម៌ថា្នក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជាតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តំណាងអង្គការ សមាគមសិល្បៈវប្បធម៌ ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករសិល្បការិនី ផ្នែកសូនរូប របាំ ល្ខោន ភ្លេង និពន្ធ និងអ្នកដឹកនាំរឿង ក្រុមសិល្បៈផ្នែកទស្សនីយភាព ក្រុមសិល្បៈសហគមន៍ ដោយរាប់បញ្ចូលទាំងក្រុមសិល្បៈ និងក្រុមយីកេជនជាតិដើមភាគតិចផងដែរ។ ដោយឡែក សិល្បករវិស័យឯកជនផ្នែកសូនរូប អ្នកនិពន្ធ បណ្ណារក្ស អ្នកអក្សរសាស្ត្រអក្សរសិល៍្ប អង្គការ-សមាគមដែលជាជ័យលាភីប្រឡង ម្ហូបអាហារ ខ្លែងខ្មែរ សិប្បករជំនាញ តំណាងសាលាគុនល្បុក្កតោ សិល្បករក្រៅប្រព័ន្ធគ្រប់ទម្រង់ដែលមានផលិតករភាពយន្តអ្នកនិពន្ធរឿង អ្នកថត សិល្បករសម្តែង អ្នកបញ្ចូលសំឡេង ពិធីករ ពិធីការិនី តំណាងក្លិបអ្នកកាសែតកម្ពុជា បុគ្គលដែលមានឥទ្ធិពលក្នុងបណ្តាញសង្គម ព្រមទាំងនិស្សិតជ័យលាភីប្រឡងគំនូរផ្សាយទិវាវប្បធម៌។ នៅក្នុងឆ្នាំនេះទៀតសោត ក៏មានបងប្អូនសិល្បករ សិល្បការិនីដែលនៅឯនាយសមុទ្រ(សហរដ្ឋអាមេរិក) ចំនួន៧រូប មកចូលរួមផងដែរ ។ បងប្អូនសិល្បករទាំងនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតនិងផ្សព្វផ្សាយនូវសិល្បៈវប្បធម៌របស់ជាតិទៅកាន់សហគមន៍ខ្មែរនិងមិត្តភក្តិបរទេសនានា ដែលជាការនាំយកវប្បធម៌ជាដួងព្រលឹងជាតិទៅគ្រប់ទីតាំងដែលបងប្អូនខ្មែរកំពុងរស់នៅក្នុងសកលលោក ធ្វើឱ្យសមាសភាពអ្នកចូលរួមក្នុងឱកាសនេះមានចំនួន៤៥៨៩នាក់។
អស់រយៈពេលដប់ឆ្នាំកន្លងមកនេះ ទិវាវប្បធម៌ជាតិនៅតែរក្សាប្រធានបទតែមួយគឺ“យុវជនដើម្បីវប្បធម៌ជាតិ” ដើម្បីផ្តល់អាទិភាពដល់យុវជនដែលជាសសរស្តម្ភរបស់ជាតិ និងជាអ្នកបន្តវេន ចូលរួមក្នុងការងារអភិរក្សលើកស្ទួយនិងអភិវឌ្ឍន៍សិល្បៈវប្បធម៌របស់យើង ដែលក្នុងនោះក៏មានសិល្បៈវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស រីកចម្រើន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងជាតិពន្ធុ។ ម្យ៉ាងវិញទៀត ដោយសារតែវិសាលភាពដ៏ធំធេងនៃវិស័យសិល្បៈវប្បធម៌ ក៏ដូចជាវិស័យពាក់ព័ន្ធនានាដែលងាយរងនូវហានិភ័យ ដែលបណ្តាលមកពីការកើនឡើងនៃសាកលភាវូបនីយកម្មសិល្បៈវប្បធម៌ក្នុងតំបន់ និងពិភពលោក ព្រមទាំងពីស្ថានភាពដែលបច្ចេកវិទ្យាថ្មីៗបាននិងកំពុងប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសង្គមនិងសេដ្ឋកិច្ច ដូចនេះការងារពង្រឹង ថែរក្សា និង អភិវឌ្ឍសិល្បៈវប្បធម៌ ប្រាកដណាស់គឺគ្មានដែនកំណត់ ជាកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន។ លើសពីនេះទៅទៀត ការប្រារព្ធពិធីនេះរំឭកយើងថាសិល្បៈវប្បធម៌របស់យើងមានសារៈសំខាន់ចំពោះអត្តសញ្ញាណនិងមោទនភាពជាតិយើង។
នៅពេលដែលយើងទាំងអស់គ្នាកំពុងតែឆ្លងកាត់ក្នុងយុគសម័យដែលមានការផ្លាស់ប្តូរ និងរីកចម្រើនយ៉ាងឆាប់រហ័សបច្ចេកវិទ្យាថ្មីៗពិតជាមានសារៈសំខាន់ណាស់ក្នុងការបន្តចូលរួមនិងសម្របខ្លួន ដើម្បីរួមគ្នាច្នៃប្រតិដ្ឋបង្កើតថ្មី និងថែរក្សាវប្បធម៌របស់យើងឱ្យគង់វង្សនិងរស់រវើក។ តាមរយៈការចូលរួមរបស់យុវជន ក្នុងវិស័យសិល្បៈវប្បធម៌ យើងមិនត្រឹមតែបំផុសពួកគេឱ្យចូលរួមថែរក្សាការពារឫសគល់សិល្បៈវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តដល់ពួកគេឱ្យមានគំនិតក្នុងការបង្តើតសមិទ្ធផលសិល្បៈថ្មីៗថែមទៀតផង។ នៅពេលដែលយុវជនបាននឹងកំពុងឆ្លងកាត់យុគសម័យដែលពោរពេញទៅដោយសម្ទុះឌីជីថលូបនីយកម្មដ៏ខ្លាំងក្លា ពួកគេអាចភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្ដិរបស់ពួកគេជុំវិញពិភពលោក។ ចរន្តនៃការប្រាស្រ័យទាក់ទងនេះអនុញ្ញាតឱ្យយុវជន យើងចែករំលែកនិងរៀនសូត្រសិល្បៈវប្បធម៌ពីអ្នកដទៃនាំឱ្យបង្កើនការស្គាល់អត្តសញ្ញាណរបស់ជាតិយើងលើឆាកអន្តរជាតិដែលជំរុញឱ្យមានការគោរពស្រឡាញ់វប្បធម៌គ្នាទៅវិញទៅមកជាសកល។
ឆ្លើយតបទៅនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបានបន្តបង្កើនសកម្មភាពដើម្បីលើកទឹកចិត្តឱ្យយុវជនមានការចាប់អារម្មណ៍ចំពោះបេតិកភណ្ឌវប្បធម៌របស់យើងតាមរយៈការផ្សព្វផ្សាយ ការបណ្តុះបណ្តាលសិក្ខាសាលា ព្រមទាំងការបង្កើត និងចូលរួមព្រឹត្តិការណ៍សិល្បៈវប្បធម៌ថ្មីៗទាំងក្នុង និងក្រៅប្រទេស ដែលផ្តល់អាទិភាពដល់ការចូលរួមរបស់យុវជនបន្តវេន។ វត្តមានរបស់យុវជនក្នុងឧស្សាហកម្មវប្បធម៌និងច្នៃប្រតិដ្ឋ គឺមានសារៈសំខាន់កាន់តែខ្លាំងឡើង ដែលជំរុញឱ្យមានកិច្ចសហការដើម្បីជំរុញភាពជាសហគ្រិន និងឱកាសអាជីវកម្មនៅក្នុងវិស័យសិល្បៈច្នៃប្រតិដ្ឋនេះ៕
ដោយ៖ គង់ សិរីរ័ត្ន





