សិក្ខាសាលាស្តីពីការដោះស្រាយបណ្តឹងតវ៉ា គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម
AKP កណ្ដាល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥--
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី យន្តការដោះស្រាយបណ្តឹងតវ៉ា សម្រាប់ គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ស្ថិតក្នុង ភូមិសាស្ត្រខេត្តកណ្តាល បានរៀបចំឡើង ក្រោមកិច្ចដឹកនាំពីលោក លី ហ្សេមីន អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយ ផលប៉ះពាល់ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្តាល។

មានប្រសាសន៍ក្នុងសិក្ខាសាលានេះ៖ លោក លី ហ្សេមីន អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយ ផលប៉ះពាល់ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថានីតិវិធីនៃការងារដោះស្រាយផលប៉ះពាល់ពាក់ព័ន្ធនឹងគម្រោងខាងលើ ក៏ដូចជាភាពចាំបាច់នៃការ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ា សម្រាប់ការងារដោះស្រាយផលប៉ះ ពាល់នេះ ជាគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានវិសាលភាព គ្របដណ្តប់លើភូមិសាស្ត្រខេត្តចំនួន ៣ មានខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប ព្រមទាំងមានគោលដៅចំបង ក្នុងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក តាមរយៈការ ផ្តល់នូវការគាំទ្រផ្នែកសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក និងខេត្ត ដើម្បីអាចអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងក្នុងទីប្រជុំជន និងផ្តល់ការគាំទ្រផ្នែកហេដ្ឋារចនា-សម្ព័ន្ធ ក្នុងការរៀបចំសាងសង់ ទី លានទុកដាក់សំរាម ដែលមានលក្ខណៈស្តង់ដាអនាម័យផ្នែកបរិស្ថាននៅតាមបណ្តាខេត្តជាគោលដៅ ដូចបានរៀបរាប់ខាងលើនេះ។ ការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ រមែងតែងជួបការមិនពេញចិត្តលើសកម្មភាពនៃការអនុវត្តការងារ ពីប្រជាពលរដ្ឋ ហើយការមិនពេញចិត្តនេះជារឿយៗតែងនាំទៅរកផលវិបាកជាច្រើន ពិសេសការពន្យាពេលក្នុងការអនុវត្តគម្រោងតែម្តង។ ហេតុដូចនេះទើប ក្នុងក្របខ័ណ្ឌការងារដោះស្រាយផលប៉ះពាល់ មិនអាចខ្វះ បាននោះទេនូវយន្តការដោះស្រាយបណ្តឹងតវ៉ា សម្រាប់ដោះស្រាយជូនប្រជាជនរងផលប៉ះពាល់ ករណីមិនពេញចិត្តនឹងការអនុវត្តការងារដោះស្រាយផលប៉ះពាល់ផ្សេងៗ។ហេតុនេះហើយ វគ្គបណ្តុះបណ្តាលរបស់យើងនាពេលនេះនឹងធ្វើការបញ្ជាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងការងារដោះស្រាយផលប៉ះពាល់ជូនសិក្ខាកាមផងដែរ។

លោក ហាក់ សុខមករា អភិបាលរងខេត្ត បានបញ្ជាក់ថា សិក្ខាសាលានេះ និងជួយឱ្យគម្រោងដំណើរការ បានរលូន និងដើម្បីជួយផ្តល់នូវការគាំទ្រការអភិវឌ្ឍន៍សមត្ថភាពរបស់ សមាជិក សមាជិកា នៃគណៈកម្មការ និងអនុគណៈកម្មការខេត្ត ក្នុងការដោះស្រាយបណ្តឹងតវ៉ា សម្រាប់ទីតាំងគម្រោង កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។ អង្គភាពជំនាញ កងកម្លាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ស្តាប់ និងចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ ឱ្យបានពេញលេញ ដើម្បីឱ្យដំណើរការនៃ កម្មវិធីប្រព្រឹត្តទៅបានជោគជ័យតាមការគ្រោងទុក ៕

ដោយ ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តកណ្តាល





