កូរ៉េខាងត្បូងនិយាយថា ខ្លួននឹងបន្តការគាំទ្រចំពោះសន្តិភាពរបស់អ៊ុយក្រែន និងការកសាងឡើងវិញបន្ទាប់ពីលោក ត្រាំ ផ្អាកជំនួយយោធា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជួយអ៊ុយក្រែនស្តារសន្តិភាព និងកសាងប្រទេសដែលហែកហួរដោយសង្រ្គាមឡើងវិញ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) បញ្ឈប់ជំនួយយោធាដល់ទីក្រុងគៀវ ដោយសារតែការប្រកែកគ្នាដ៏តានតឹងមួយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡួឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ។
អ្នកនាំពាក្យក្រសួងការបរទេស លោក លី ចេវូង (Lee Jae-woong)បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តដែលពាក់ព័ន្ធ» នៅពេលដែលលោកត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើការផ្អាកជំនួយយោធា។
លោក លី បាននិយាយថា «យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីគាំទ្រដល់ការស្ដារឡើងវិញយ៉ាងឆាប់រហ័សនៃសន្តិភាព និងការកសាងឡើងវិញនៃអ៊ុយក្រែន»។
មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋបាលលោក ត្រាំបានផ្អាកជំនួយយោធាដល់អ៊ុយក្រែន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុករវាងលោក ត្រាំ និងលោក ហ្សេលេនស្គី នៅក្នុងការិយាល័យពងក្រពើ (Oval) កាលពីថ្ងៃសុក្រ (ម៉ោងនៅសហរដ្ឋអាមេរិក) ។
ការប្រកែកគ្នាដ៏តានតឹងនេះបានកើតឡើងលើអ្វីដែលលោក ត្រាំបាននិយាយថាជាការដឹងគុណមិនគ្រប់គ្រាន់របស់មេដឹកនាំអ៊ុយក្រែនសម្រាប់ជំនួយដែលសហរដ្ឋអាមេរិកបានផ្តល់ដល់ទីក្រុងគៀវរហូតមកដល់ពេលនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





