តួកគីថ្កោលទោសអ៊ីស្រាអែលចំពោះការរារាំងជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៥ -- ប្រទេសតួកគីកាលពីថ្ងៃចន្ទបានថ្កោលទោសការសម្រេចចិត្តនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលក្នុងការបញ្ឈប់ការផ្តល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ដោយហៅវាថាជាការរំលោភច្បាប់អន្តរជាតិ និងការគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់ដែលកំពុងបន្ត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសតួកគីបានហៅទង្វើនេះថាជាសកម្មភាពចេតនានៃការដាក់ទណ្ឌកម្មរួមប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន និងជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
ក្រសួងបានបញ្ជាក់ថា ប្រទេសនេះក៏បានព្រមានថា សកម្មភាពបែបនេះអាចបង្កគ្រោះថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងការទូត សំដៅសម្រេចបានបទឈប់បាញ់យូរអង្វែងនៅតំបន់ហ្គាហ្សា។ «ការសម្រេចនេះបានធ្វើឱ្យខូចដល់ឱកាសនៃសន្តិភាព និងបានពន្យារពេលនៃការរងទុក្ខរបស់ជនស៊ីវិលស្លូតត្រង់»។
សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសតួកគីបានជំរុញសហគមន៍អន្តរជាតិឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីធានាដល់ការផ្តល់ជំនួយមនុស្សធម៌ដោយមិនមានការរំខាន។ «នេះជាការចាំបាច់ដែលអ៊ីស្រាអែលបានបំពេញកាតព្វកិច្ចរបស់ខ្លួន និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ទៅដល់អ្នកដែលត្រូវការ»។
អ៊ីស្រាអែលបានបិទជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សាតាំងពីដើមថ្ងៃអាទិត្យ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា វិធានការនេះត្រូវបានធ្វើឡើងដើម្បីដាក់សម្ពាធលើក្រុមហាម៉ាស់ឱ្យទទួលយកសំណើថ្មី ដើម្បីបន្តដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងបទឈប់បាញ់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយរបស់ទីភ្នាក់ងារនេះ គឺលោក អាដណាន់ អាប៊ូ ហាសណា (Adnan Abu Hasna)បាននិយាយថា ការបិទនេះនឹងធ្វើឱ្យមាន «សោកនាដកម្ម និងការឈឺចាប់ដ៏ធំធេង» ដែលបានស៊ូទ្រាំដោយអ្នកស្រុកជាងពីរលាននាក់នៅតំបន់ហ្គាហ្សាក្នុងរយៈពេល ១៥ខែនៃសង្រ្គាម៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





