ប៉ូលិសរកឃើញគ្រឿងញៀន និងឃាត់ខ្លួនមនុស្ស ១២នាក់នៅអាហ្វហ្គានីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៥ -- អ្នកនាំពាក្យប៉ូលិសខេត្តកាន់ដាហារ លោក មូលឡាហ៍ អាសសាឌុលឡាហ៍ ចាមស៊ីដ (Mullah Assadullah Jamshid) បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលីសប្រឆាំងគ្រឿងញៀនបានរកឃើញគ្រឿងញៀនខុសច្បាប់ក្នុងបរិមាណដ៏ច្រើន រួមទាំងសារធាតុហេរ៉ូអ៊ីនចំនួន ១៥គីឡូក្រាម និងបានចាប់ខ្លួនមនុស្សចំនួន១២នាក់ពីបទជាប់ពាក់ព័ន្ធក្នុងអាជីវកម្មខ្មៅនៅក្នុងខេត្តកាន់ដាហារ ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីដដែលបានបន្តថា វត្ថុតាងដែលរួមមាន សារធាតុហេរ៉ូអ៊ីនចំនួន១៥គីឡូក្រាម ថ្នាំហាស៊ីសចំនួន ៦៨៩គីឡូក្រាម និងវត្ថុប្រើប្រាស់ក្នុងការផលិតហេរ៉ូអ៊ីន និងថ្នាំញៀនរាប់រយគ្រាប់ត្រូវបានរកឃើញក្នុងអំឡុងប្រតិបត្តិការជាបន្តបន្ទាប់ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ។
មន្ត្រីរូបនេះបានបន្ថែមថា ប៉ូលីសក៏បានបំផ្លាញកសិដ្ឋានអាភៀនចំនួន៨ហិចតាផងដែរ ក្នុងអំឡុងពេលប្រតិបត្តិការ។
រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានដែលបានហាមឃាត់ការដាំដុះអាភៀន ការផលិតគ្រឿងញៀន និងការជួញដូរគ្រឿងញៀនដោយប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងគ្រឿងញៀន រហូតដល់ប្រទេសអាហ្វហ្កានីស្ថានដែលធ្លាប់ដាំអាភៀនក្លាយជាប្រទេសគ្មានគ្រឿងញៀន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





