អេហ្ស៊ីបជួបជាមួយសមភាគីអារ៉ាប់នៅមុនកិច្ចប្រជុំកំពូលអារ៉ាប់បន្ទាន់នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក ប៊ែដ អាប់ដេឡាតទី (Badr Abdelatty) បានជួបប្រជុំទ្វេភាគីជាបន្តបន្ទាប់កាលពីថ្ងៃចន្ទនៅទីក្រុងគែរ ជាមួយសមភាគីដែលមកបំពេញទស្សនកិច្ចនៅប៉ាឡេស្ទីន ហ្ស៊កដានី ទុយនេស៊ី បារ៉ែន ម៉ូរីតានី យេម៉ែន និងអ៊ីរ៉ាក់ នៅមុនកិច្ចប្រជុំកំពូលអារ៉ាប់គ្រាអាសន្នស្តីពីតំបន់ហ្គាហ្សា ដែលគ្រោងធ្វើកាលពីថ្ងៃអង្គារនៅក្នុងរដ្ឋធានីរបស់ប្រទេសអេហ្ស៊ីប។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអេហ្ស៊ីប បានឱ្យដឹងថា កិច្ចប្រជុំបានផ្តោតលើការពង្រឹងជំហរអារ៉ាប់រួមមួយប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីស្រុកកំណើតរបស់ពួកគេ និងផ្តល់អាទិភាពដល់ការកសាងឡើងវិញយ៉ាងឆាប់រហ័សនៃតំបន់ហ្គាហ្សាស្ទ្រីបដែលហែកហួរដោយសង្រ្គាម។
ការពិភាក្សាបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងដំណាក់កាលទាំងបីរបស់ខ្លួន រួមទាំងការផ្តល់ជំនួយមនុស្សធម៌ និងការចាប់ផ្តើមជាបន្ទាន់នៃកិច្ចខិតខំប្រឹងប្រែងសង្គ្រោះទាន់ពេល ដូចជាការកើបកម្ទេចថ្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ខណៈពេលដែលបានធានាឱ្យប្រជាជនប៉ាឡេស្ទីននៅតែស្ថិតក្នុងតំបន់ហ្គាហ្សា។
ភាគីទាំងអស់បានគូសបញ្ជាក់ថា នេះគឺជាជំហានដំបូងដ៏សំខាន់ឆ្ពោះទៅរកការសម្រេចបាននូវដំណោះស្រាយយូរអង្វែង និងទូលំទូលាយចំពោះបញ្ហាប៉ាឡេស្ទីន ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ ដែលនឹងនាំទៅដល់ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយជាមួយទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួនក្នុងព្រំដែនឆ្នាំ១៩៦៧។
ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាហ៍មូដ អាប់បាស់ (Mahmoud Abbas) បានមកដល់ទីក្រុងគែរ នៅព្រឹកថ្ងៃដដែល ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលដែលត្រូវបានគេរំពឹងថានឹងធ្វើជាសាក្សីក្នុងការបង្ហាញពីផែនការដ៏ទូលំទូលាយរបស់ប្រទេសអេហ្ស៊ីប សម្រាប់ការកសាងតំបន់ហ្គាហ្សាឡើងវិញ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





