គណបក្សកាន់អំណាចរបស់ប្រទេសតាជីគីស្ថានឈ្នះការបោះឆ្នោតសភា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៥ -- លោក ប៉ាកទីយ័រ ឃូដូយ័រហ្សូដា (Bakhtiyor Khudoyorzoda) ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិមបានប្រកាសកាលពីថ្ងៃច័ន្ទថា លទ្ធផលបឋមបង្ហាញថាគណបក្សប្រជាធិបតេយ្យប្រជាជនដែលកំពុងកាន់អំណាចរបស់ប្រទេសតាហ្ស៊ីគីស្ថានបានឈ្នះការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យជាមួយនឹងសំឡេង ៥១,៩% ។
យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោត បានឱ្យដឹងថា គណបក្សកាន់អំណាចដែលដឹកនាំដោយប្រធានាធិបតី លោក អេម៉ូម៉ាលី រ៉ាហ៍ម៉ុន (Emomali Rahmon) ទទួលបានអាសនៈចំនួន ១២ ក្នុងចំណោម២២អាសនៈក្នុងបញ្ជីគណបក្ស និង ៣៧អាសនៈក្នុង ៤១មណ្ឌលបោះឆ្នោតតែមួយអាណត្តិ។
ក្នុងចំណោមអាសនៈទាំង ២២ក្នុងបញ្ជីគណបក្ស គណបក្សកសិកម្មទទួលបាន ៥អាសនៈ គណបក្សកំណែទម្រង់សេដ្ឋកិច្ចទទួលបាន ៣អាសនៈហើយគណបក្សសង្គមនិយម និងគណបក្សប្រជាធិបតេយ្យទទួលបាន១អាសនៈ។
អាសនៈចំនួន ២២ក្នុងចំណោមអាសនៈទាំង ៦៣នៅក្នុងសភាជាន់ទាបត្រូវបានប្រកួតប្រជែងដោយបេក្ខជនចំនួន ៦៨រូបដែលត្រូវបានតែងតាំងដោយគណបក្សនយោបាយ ខណៈដែលអាសនៈដែលនៅសល់ចំនួន៤១នឹងត្រូវបោះឆ្នោតជ្រើសរើសក្នុងចំណោមបេក្ខជនចំនួន ១៥២រូបនៅទូទាំង ៤១មណ្ឌលបោះឆ្នោត ។
គណៈកម្មាធិការបានឲ្យដឹងថា ការបោះឆ្នោតបានចាប់ផ្តើមនៅម៉ោង៦:០០នាទីព្រឹក (ម៉ោងក្នុងស្រុក) ហើយបានបញ្ចប់នៅម៉ោង ៨:០០នាទីយប់នៅថ្ងៃអាទិត្យ។ ដោយមានការិយាល័យបោះឆ្នោតចំនួន ៣.៥១៣ នៅទូទាំងប្រទេស រួមនឹងការិយាល័យបោះឆ្នោតនៅក្រៅប្រទេសចំនួន ៣៦៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





