ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៖ កិច្ចពិភាក្សាស្តីពីការបញ្ចប់សង្គ្រាមម៉ូស្គូ-គៀវ ត្រូវតែរួមបញ្ចូលនូវជនជាតិអ៊ុយក្រែន និងការគោរពសិទ្ធិរបស់ពួកគេ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ -- ចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ស្តីពីសន្តិភាពប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់កាលពីថ្ងៃចន្ទថា កិច្ចពិភាក្សាណាមួយដើម្បីបញ្ចប់សង្រ្គាមនៅទីក្រុងម៉ូស្គូ-គៀវ ត្រូវតែមានការរួមបញ្ចូលអ៊ុយក្រែន។
លោក វ៉ុលគ័រ ទុក (Volker Turk) បាននិយាយនៅក្នុងសម័យប្រជុំលើកទី៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវថា «កិច្ចពិភាក្សាណាមួយអំពីការបញ្ចប់សង្រ្គាមត្រូវតែរួមបញ្ចូលជនជាតិអ៊ុយក្រែន និងគោរពសិទ្ធិមនុស្សរបស់ពួកគេឱ្យបានយ៉ាងពេញលេញ។ សន្តិភាពប្រកបដោយនិរន្តរភាពត្រូវតែផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។
នៅក្នុងប្រទេសអ៊ុយក្រែន ប្រជាជនបានរងទុក្ខវេទនាយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ មក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មានកិច្ចចរចាកម្រិតខ្ពស់ជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមម៉ូស្គូ-គៀវ ដែលកំពុងតែបន្ត។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអ៊ុយក្រែន និងអឺរ៉ុបសង្ស័យថាកិច្ចចរចាដោយផ្ទាល់ជាមួយទីក្រុងម៉ូស្គូអាចនាំទៅរកសន្តិភាពយូរអង្វែង។
លោក ទុក ក៏បានសង្កត់ធ្ងន់ផងដែរថា ជនស៊ីវិលស្លាប់បាត់បង់ជីវិតកើនឡើង ៣០% នៅចន្លោះឆ្នាំ២០២៣ និងឆ្នាំ២០២៤ ក្នុងអំឡុងពេលសង្រ្គាម ដោយលោកបាននិយាយថា «ការវាយប្រហារឥតឈប់ឈរជាមួយនឹងគ្រាប់បែកពីលើអាកាស គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើក បានធ្វើឱ្យជនស៊ីវិលស្ថិតក្នុងស្ថានភាពអសន្តិសុខនិងមានការភ័យខ្លាចឥតឈប់ឈរ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





