គុយបាថ្កោលទោសអ៊ីស្រាអែលចំពោះការបង្កគ្រោះថ្នាក់ដល់បទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសគុយបាលោក ប្រ៊ុយណូ រ៉ូឌ្រីហ្គេស (Bruno Rodriguez) បានថ្កោលទោសចំពោះការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីន និងការបដិសេធជំនួយមនុស្សធម៌ក្នុងអំឡុងពេលនៃពិធីបុណ្យរ៉ាម៉ាដាន។
លោក រ៉ូឌ្រីហ្គេស បានចង្អុលបង្ហាញនៅលើគណនីនៃបណ្តាញសង្គមអ៊ិច (X) របស់លោកថា សកម្មភាពបែបនេះជាការបង្កគ្រោះថ្នាក់ដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ហើយបានរៀបរាប់លម្អិតថា ការវាយប្រហាររបស់អ៊ីស្រាអែលមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលពួកគេនឹងទទួលបាននូវសព្វាវុធថ្មីៗដែលមានតម្លៃ៤ពាន់លានដុល្លារអាម៉េរិក។
នៅថ្ងៃមុននេះ អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបានរាយការណ៍ថាយោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១១៦នាក់ក្នុងអំឡុងពេលនៃបទឈប់បាញ់គ្នា និង ៤៩០នាក់ផ្សេងទៀតបានរងរបួស។
ភាពតានតឹងបានកើនឡើងក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះបន្ទាប់ពីបទឈប់បាញ់គ្នាបានបញ្ចប់កាលពីពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈដែលអ៊ីស្រាអែលបានគំរាមថានឹងចាប់ផ្តើមការវាយប្រហារឡើងវិញ បន្ទាប់ពីបានបិទរាល់ច្រកឆ្លងកាត់ព្រំដែនទាំងអស់កាលពីថ្ងៃអាទិត្យដែលនឹងមិនអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់នោះទេ។
យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថាការកសាងតំបន់ហ្គាហ្សាឡើងវិញនឹងត្រូវចំណាយថវិកាអស់ជាង ៥២ពាន់លានដុល្លារអាម៉េរិក ដោយសារការខូចខាតធ្ងន់ធ្ងរដែលបណ្តាលមកពីការឈ្លានពាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





