អេហ្ស៊ីប៖ ផែនការកសាងតំបន់ហ្គាហ្សាត្រូវបានត្រៀមរួចជាស្រេច
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក ប៊ែដ អាប់ឌែលឡាតទី (Badr Abdelatty) បាននិយាយកាលពីថ្ងៃអាទិត្យថា ផែនការកសាងតំបន់ហ្គាហ្សាឡើងវិញ ដែលធានាថាប្រជាជនប៉ាឡេស្ទីននៅតែស្ថិតក្នុងទឹកដីរបស់ពួកគេ គឺត្រូវបានត្រៀមរួចរាល់ហើយហើយត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលអារ៉ាប់នៅទីក្រុងគែរកាលថ្ងៃអង្គារ។
ទន្ទឹមនឹងនេះដែរ អង្គការសហប្រជាជាតិ សភាអារ៉ាប់ សម្ព័ន្ធពិភពលោកមូស្លីម និងប្រទេសជាច្រើនជុំវិញពិភពលោក បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ៊ីស្រាអែលចំពោះការរារាំងនាំជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា។
លោក អាប់ឌែលឡាតទី បាននិយាយថា ផែនការកសាងឡើងវិញនេះនឹងមិនមែនជារបស់អេហ្ស៊ីប ឬអារ៉ាប់សុទ្ធសាធនោះទេ ប៉ុន្តែនឹងទទួលបានការគាំទ្រ និងការផ្តល់មូលនិធិពីអន្តរជាតិ ដើម្បីធានាការអនុវត្តរបស់ខ្លួន។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងនឹងធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅជាមួយបណ្តាប្រទេសម្ចាស់ជាជំនួយធំៗនៅពេលដែលផែនការនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអារ៉ាប់នាពេលខាងមុខ។ យើងនឹងធានាថា លទ្ធផលនៃកិច្ចប្រជុំកំពូលអារ៉ាប់ត្រូវបានបង្ហាញដល់ពិភពលោកតាមវិធីល្អបំផុត»។
នៅពេលសួរអំពីដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ លោក អាប់ឌែលឡាតទី បាននិយាយថា អេហ្ស៊ីបនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធានាថា បទឈប់បាញ់គ្នាត្រូវបានរក្សា ហើយកិច្ចចរចាសម្រាប់ដំណាក់កាលទីពីរអាចនឹងចាប់ផ្តើម។
ដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាដ៏ផុយស្រួយបានផុតកំណត់កាលពីចុងសប្តាហ៍។ លោក អាប់ឌែលឡាតទី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសអេហ្ស៊ីបចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាដំបូង ដែលគ្រោងនឹងឈានទៅដំណាក់កាលទីពីរ។លោកបាននិយាយបន្តថា «វានឹងពិបាក ប៉ុន្តែជាមួយនឹងសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តខាងនយោបាយ វានឹងអាចសម្រេចបាន»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





