សហរដ្ឋអាមេរិកផ្អាកជំនួយយោធាទាំងអស់ដល់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ -- គេហទំព័រ Bloomberg បានរាយការណ៍ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump)កាលពីថ្ងៃចន្ទ បានផ្អាកជំនួយយោធាទាំងអស់ដល់អ៊ុយក្រែន។
ការផ្អាកដែលលោក ត្រាំ បានបញ្ជាឱ្យរដ្ឋមន្ត្រីការពារជាតិ លោក ភែត ហ៊ែកសេត (Pete Hegseth) ប្រតិបត្តិតាមនោះនឹងនៅតែជាធរមានរហូតដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំណត់ថា មេដឹកនាំអ៊ុយក្រែនបង្ហាញពីការប្តេជ្ញាចិត្តដោយស្មោះត្រង់ចំពោះសន្តិភាពជាមួយរុស្ស៊ី។ នេះបើយោងតាមការដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ។
មន្ត្រីរូបនេះបាននិយាយថា សម្ភារៈយោធាទាំងអស់របស់សហរដ្ឋអាមេរិកដែលមិនមាននៅក្នុងអ៊ុយក្រែននាពេលនេះនឹងត្រូវផ្អាក រួមទាំងសព្វាវុធដែលកំពុងធ្វើដំណើរលើយន្តហោះ និងកប៉ាល់ ឬសម្ភារៈដែលកំពុងរង់ចាំនៅក្នុងតំបន់ឆ្លងកាត់ក្នុងប្រទេសប៉ូឡូញ។
ការអនុវត្តនេះកើតឡើងបន្ទាប់ពីកិច្ចប្រជុំរបស់លោក ត្រាំ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានប្រែក្លាយទៅជាការប្រកែកគ្នាដ៏តានតឹងមួយនៅឯសេតវិមានកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលនាំទៅដល់ការលុបចោលកិច្ចព្រមព្រៀងទ្វេភាគីដែលរំពឹងទុក។
សេចក្តីព្រាងកិច្ចព្រមព្រៀងដូចដែលប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានរាយការណ៍ រួមមានទាំងការបង្កើតមូលនិធិដែលត្រូវគ្រប់គ្រងរួមគ្នាដោយអ៊ុយក្រែន និងសហរដ្ឋអាមេរិក ដែលអ៊ុយក្រែននឹងរួមចំណែក ៥០% នៃប្រាក់ចំណូលរបស់ខ្លួនពីការរកប្រាក់នាពេលអនាគតពីធនធានធម្មជាតិ រួមទាំងរ៉ែសំខាន់ៗ ប្រេង និងឧស្ម័នជាដើម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





