ប្រទេសចិនមានទំនុកចិត្តចំពោះកំណើនសេដ្ឋកិច្ចនាពេលអនាគត ចំពេលដែលកំពុងមានបញ្ហាប្រឈម
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ -- លោក លូ គីនជាន (Lou Qinjian) អ្នកនាំពាក្យសម័យប្រជុំលើកទី៣ នៃសភាប្រជាជនជាតិលើកទី១៤ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា បើទោះបីជាមានបញ្ហាប្រឈម និងការលំបាកជាច្រើនក៏ដោយ ក៏ប្រទេសចិននៅតែទទួលបានលក្ខខណ្ឌ និងកត្តាអំណោយផលដើម្បីរក្សាកំណើនស្ថិរភាព។
លោកបានសម្តែងសុទិដ្ឋិនិយម និងទំនុកចិត្តទៅលើទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយបាននិយាយថា «និន្នាការមូលដ្ឋាននៃកំណើនរយៈពេលវែង និងលក្ខខណ្ឌដែលគាំទ្រវានៅតែមិនមានការផ្លាស់ប្តូរ»។
លោក លូ បានកត់សម្គាល់ថា «សេដ្ឋកិច្ចចិនមានមូលដ្ឋានគ្រឹះដ៏រឹងមាំជាមួយនឹងគុណសម្បត្តិជាច្រើន រួមទាំងភាពធន់រឹងមាំ និងសក្តានុពលដ៏ធំធេង»។
ដោយលើកឡើងអំពីវិធានការដែលបានដាក់ចេញដោយសម័យប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនលើកទី២០លោកបាននិយាយថា ពួកគេមានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់យ៉ាងទូលំទូលាយ និងជំរុញការបើកទូលាយស្តង់ដារខ្ពស់ ដែលផ្តល់នូវការជំរុញឱ្យកាន់តែខ្លាំងដល់ភាពរឹងមាំខាងសេដ្ឋកិច្ច។
លោក លូ បាននិយាយបន្ថែមថា «ប្រទេសចិនមានទីផ្សារដ៏ធំបំផុត និងប្រព័ន្ធឧស្សាហកម្មពេញលេញ។ វាគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលមានឧស្សាហកម្មនៅគ្រប់ប្រភេទទាំងអស់នៅក្នុងចំណាត់ថ្នាក់ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ»។
លោកបាននិយាយថា ប្រទេសចិនឥឡូវនេះកំពុងឈរនៅដំណាក់កាលសំខាន់មួយដែលកត្តាជំរុញកំណើនថ្មីកំពុងជំនួសកន្លែងចាស់ហើយការអភិវឌ្ឍថ្មីនឹងបើកលទ្ធភាពថ្មីៗសម្រាប់ការស្វែងរកសក្តានុពលដែលមិនទាន់បានប្រើប្រាស់ និងបង្កើតឱកាសថ្មីៗ។
ទិន្នន័យពីការិយាល័យស្ថិតិជាតិបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើងជាលើកដំបូងលើសពី១៣០ពាន់ពាន់លានយន់ (១៧,៨៥ពាន់ពាន់លានដុល្លារអាម៉េរិក) ជាមួយនឹងកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ៥% កាលពីឆ្នាំមុន ដោយរក្សាតំណែងរបស់ខ្លួនជាមហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





