ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបដកពិសោធន៍ប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ Z9 MH-912
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- ពិធីបូកសរុបដកពិសោធន៍ប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ Z9 MH-912 បានប្រារព្ធធ្វើនៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការចូលរួមពីបណ្តាកងឯកភាព ដែលបានចូលរួមប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ Z9 ជាច្រើនរូបទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ បានអានរបាយការណ៍ថា អនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការបានចាត់តាំងកម្លាំងចេញប្រតិបត្តិការរុករក និងសង្គ្រោះ ដែលមានកម្លាំងចូលរួមពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងទ័ពជើងអាកាស អាជ្ញាធរខេត្តពោធិ៍សាត់ និងក្រុមហ៊ុន Heli Star ដែលមានកម្លាំងសរុបចំនួន១,០០៧នាក់ និងបានបង្កើតទីបញ្ជាការប្រតិបត្តិការរុករក ដែលដឹកនាំដោយអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

ឯកឧត្តមបានបន្តថា ក្រោយពីបានធ្វើការវាយតម្លៃ និងសន្និដ្ឋានអំពីចំណុចធ្លាក់ និងកំណត់តំបន់រុករករួចមក កម្លាំងទាំងអស់បានចេញប្រតិបត្តិការរុករកតាមបទបញ្ជា និងតាមភូមិសាស្ត្រដែលបានកំណត់ក្នុងតំបន់រុករកចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង១៣៖៣០នាទី កម្លាំងរបស់យើងបានរុករកឃើញឧទ្ធម្ភាគចក្រ Z9 លេខ MH-912 បានធ្លាក់នៅភ្នំយ៉ាវយ៉ៃ ចម្ងាយ១៧គីឡូម៉ែត្រ ពីទីប្រជុំជនឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបានយកសាកសពអាកាសយាននិកទាំងពីរនាក់ ដែលបានគ្រោះថ្នាក់មកបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៅរាជធានីភ្នំពេញវិញ។

ថ្លែងក្នុងពិធីបូកសរុបដកពិសោធន៍ប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ Z9 MH-912 ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរចំពោះកងកម្លាំងប្រតិបត្តិការទាំងអស់ ដែលបានប្តេជ្ញាចិត្តរុករកឃើញឧទ្ធម្ភាគចក្រ ប្រកបដោយជោគជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងប្រគល់បណ្ណសរសើរ-បណ្ណថ្លែងអំណរគុណ ជូនឯកឧត្ដម ជាថ្នាក់ដឹកនាំ មេបញ្ជាការ សប្បុរសជន និងនាយទាហាន នាយទាហានរង ដែលបានចូលរួមក្នុងប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ Z9 MH-912 កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងមក៕
ដោយ សំ សាម៉ន





