អ៊ូសបេគីស្ថាន និងអាហ្វហ្គានីស្ថានស្វែងរកការបង្កើនទំហំពាណិជ្ជកម្មដល់ ៣ប៊ីលានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៥ -- យោងតាមក្រសួងវិនិយោគ ឧស្សាហកម្ម និងពាណិជ្ជកម្មអ៊ូសបេគីស្ថាន បាននិយាយថា ប្រទេសអ៊ូសបេគីស្ថាន និងអាហ្វហ្គានីស្ថាន គ្រោងនឹងបង្កើនទំហំពាណិជ្ជកម្មដល់ ៣ប៊ីលានដុល្លារអាម៉េរិក។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានភាពបច្ចុប្បន្ន និងអនាគតនៃទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងវិនិយោគ ឧស្សាហកម្ម និងពាណិជ្ជកម្មអ៊ូសបេគីស្ថាន លោក ឡាហ្សីហ្ស គូដ្រាតូវ (Laziz Kudratov) និងរដ្ឋមន្ត្រីពាណិជ្ជកម្មអាហ្វហ្គានីស្ថាន លោក នូរូដឌីន អាហ្សីហ្សី (Nuruddin Azizi) ដែលកំពុងធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ Termez ក្នុងតំបន់ Surkhandarya ។ ក្រសួងបាននិយាយថា វិធានការជាក់លាក់ត្រូវបានអនុវត្តន៍ដើម្បីបង្កើនទំហំពាណិជ្ជកម្មដល់ ៣ប៊ីលានដុល្លារអាម៉េរិក។
បន្ថែមពីលើពាណិជ្ជកម្ម វិធានការផ្សេងៗទៀតដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងទំនាក់ទំនងសហប្រតិបត្តិការក្នុងវិស័យកសិកម្ម វាយនភ័ណ្ឌ ឱសថ ម្ហូបអាហារ និងឧស្សាហកម្មរ៉ែត្រូវបានពិភាក្សា។
នៅខាងក្រៅនៃដំណើរទស្សនកិច្ចនេះ ការចរចា B2B ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីសហគ្រិនប្រហែល ៦០នាក់មកពីភាគីនីមួយៗ ដែលផ្តល់ឱកាសដល់សហគមន៍ធុរកិច្ចក្នុងការបង្កើតទំនាក់ទំនងថ្មី និងពិភាក្សាពីទិដ្ឋភាពជាក់ស្តែងនៃការអនុវត្តគម្រោងរួម និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





