ទុយនីស៊ីជួយសង្គ្រោះមនុស្ស ៦៤នាក់នៅឆ្នេរសមុទ្រភាគខាងកើត
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៥ -- អគ្គនាយកដ្ឋានគយទុយនីស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនថា អង្គភាពដែនសមុទ្រមួយនៅក្នុងខេត្ត ម៉ាហ៍ឌៀ ភាគខាងកើតនៃប្រទេសទុយនីស៊ី បានជួយសង្គ្រោះមនុស្សចំនួន ៦៤នាក់ដែលត្រូវបានជាប់គាំងក្នុងសមុទ្រ ខណៈពេលដែលកំពុងព្យាយាមធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា មនុស្ស ៦៤នាក់ដែលមានសញ្ជាតិផ្សេងៗគ្នាត្រូវបានគេរកឃើញនៅលើទូកដែលអស់ប្រេងនៅក្នុងសមុទ្រនៅពេលដែលអង្គភាពដែនសមុទ្របានធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ដែលខុសច្បាប់។
សេចក្តីថ្លែងការណ៍បាននិយាយថា ការស៊ើបអង្កេតដំបូងបង្ហាញថា ទូកនេះបានធ្វើដំណើរមកពីប្រទេសជិតខាង ដោយមិនបានបញ្ជាក់ពីប្រទេសណានោះទេ។
មនុស្សទាំងនេះត្រូវបានផ្ទេរទៅកាន់កំពង់ផែ Chebba ហើយបានប្រគល់ទៅឱ្យឆ្មាំឆ្នេរសមុទ្រទុយនីស៊ីចាត់ការតាមនីតិវិធីច្បាប់បន្ថែមទៀត។ ស្ថិតនៅកណ្តាលមេឌីទែរ៉ានេ ប្រទេសទុយនីស៊ីនៅតែជាកន្លែងឆ្លងកាត់ដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលចង់ធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





