ការស្ទង់មតិរបស់ CNN បង្ហាញថា ៥២% នៃជនជាតិអាម៉េរិកមិនពេញចិត្តចំពោះតំណែងប្រធានាធិបតី និងភាពជាអ្នកដឹកនាំរបស់លោក ដូណាល់ ត្រាំ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- យោងតាមការស្ទង់មតិថ្មីរបស់ CNN បានឱ្យដឹងថា សាធារណជនអាម៉េរិកមានភាពអវិជ្ជមានច្រើនជាងភាពវិជ្ជមានចំពោះតំណែងប្រធានាធិបតី និងភាពជាអ្នកដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដោយនៅក្នុងនោះ មាន ៥២% បានសម្តែងការមិនពេញចិត្ត។
ការស្ទង់មតិនោះបានបង្ហាញថា មតិអវិជ្ជមានមានច្រើនជាងវិជ្ជមាននៅក្នុងផ្នែកសំខាន់ៗចំនួនបីនៃការអនុវត្តរបស់លោក ត្រាំ ដែលរួមមានការវាយតម្លៃននៃការអនុម័តរបស់លោក ការកំណត់កត្តាអាទិភាពរបស់លោក និងទិសដៅនៃគោលនយោបាយរបស់លោក។
ការស្ទង់មតិរបស់ CNN ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យត្រូវបានធ្វើឡើងមុនពេលកិច្ចប្រជុំកាលពីថ្ងៃសុក្រដែលមានភាពដ៏តានតឹងរវាងលោក ត្រាំ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) នៅក្នុងការិយាល័យពងក្រពើ (Oval) ដែលវាឆ្លុះបញ្ចាំងថាការស្ទង់មតិសាធារណៈនេះមិនពាក់ព័ន្ធនឹងកិច្ចប្រជុំតានតឹងនោះទេ។
លោក ត្រាំ នៅតែមានប្រជាប្រិយភាពយ៉ាងទូលំទូលាយក្នុងចំណោមអ្នកសាធារណរដ្ឋ និងមានការមិនពេញនិយមក្នុងចំណោមអ្នកប្រជាធិបតេយ្យ ខណៈដែលការមិនពេញចិត្តក្នុងចំណោមអ្នកឯករាជ្យកំពុងខិតជិតទៅរក ៦នាក់ក្នុងចំណោម ១០នាក់។
នៅដើមខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីសុន្ទរកថាដំបូងរបស់លោក ត្រាំ ទៅកាន់សភា ប្រជាជនអាម៉េរិកត្រូវបានបែងចែកស្មើគ្នាអំពីថា តើគោលនយោបាយរបស់លោកនឹងដឹកនាំប្រទេសក្នុងទិសដៅត្រូវ ឬខុស ប៉ុន្តែនៅក្នុងខែមករាឆ្នាំបន្ទាប់ ពួកគេបាននិយាយថា គោលនយោបាយរបស់លោកកំពុងដឹកនាំប្រទេសក្នុងទិសដៅខុស។ នេះបើយោងតាម CNN ។
យុវជនអាម៉េរិក ជាពិសេសអ្នកដែលមានអាយុពី ១៨ឆ្នាំ ទៅ ៣៤ឆ្នាំទំនងជាចាត់ទុកទិសដៅរបស់លោក ត្រាំ ថាជាអវិជ្ជមាន ដោយ ៥១% ជឿថា លោកកំពុងដឹកនាំប្រទេសខុស បើធៀបនឹង ៣១% ដែលគិតថាវាជាទិសដៅត្រឹមត្រូវ។ លើសពីនេះទៀត ៦១% នៅក្នុងក្រុមនេះមានអារម្មណ៍ថាលោកមិនបានផ្តោតការយកចិត្តទុកដាក់ឱ្យបានគ្រប់គ្រាន់ទៅលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិនោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





