លោក ត្រាំ និយាយថា ជនចំណាកស្រុកជាការគំរាមកំហែងធំជាងលោក ពូទីន ទៀត
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃចន្ទថា ជនអន្តោប្រវេសន៍ខុសច្បាប់បង្កជាការគំរាមកំហែងយ៉ាងខ្លាំងជាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ទៅទៀត ដោយកាលពីពេលថ្មីៗនេះ លោកបានចូលរួមដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងកែលម្អទំនាក់ទំនងទ្វេភាគី ដោយជំរុញឱ្យជនជាតិអាម៉េរិកផ្តោតសំខាន់ទៅលើឧក្រិដ្ឋជនដែលចូលមកក្នុងប្រទេស។
នៅក្នុងការបង្ហោះមួយនៅលើគណនី Truth Social លោក ត្រាំ បានសរសេរថា «យើងគួរតែចំណាយពេលតិចក្នុងការបារម្ភអំពីលោក ពូទីន ហើយទុកពេលឱ្យបានច្រើនព្រួយបារម្ភអំពីក្រុមជនចំណាកស្រុក ការរំលោភសេពសន្ថវៈ មេគ្រឿងញៀន ឃាតក និងមនុស្សមកពីស្ថាប័នផ្លូវចិត្តដែលចូលមកក្នុងប្រទេសរបស់យើង»។
រដ្ឋបាលលោក ត្រាំ បានផ្តល់អាទិភាពដល់ការនិរទេសយ៉ាងឆាប់រហ័ស និងការអនុវត្តយ៉ាងតឹងរ៉ឹង ដែលជាផ្នែកមួយនៃការបង្ក្រាបរបស់ខ្លួនលើជនអន្តោប្រវេសន៍ខុសច្បាប់។
លោក ត្រាំ បានផ្តោតទៅលើអឺរ៉ុប នៅពេលដែលបណ្តាមេដឹកនាំអឺរ៉ុបបានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍ ដោយបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន នៅពីរថ្ងៃបន្ទាប់ពីមានការឈ្លោះប្រកែកគ្នាដ៏តានតឹងរវាលោកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) នៅសេតវិមាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





