ប្រជាជននៅហ្គាហ្សា ២នាក់ស្លាប់ និង ៣នាក់ទៀតរងរបួសដោយសារការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែល បើទោះបីជាមានបទឈប់បាញ់គ្នាក៏ដោយ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- ក្រុមគ្រូពេទ្យបាននិយាយថា ជនជាតិប៉ាឡេស្ទីនចំនួន ២នាក់បានស្លាប់ និង ៣នាក់ទៀតរងរបួសដោយសារការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទ ដែលជាការរំលោភបំពានចុងក្រោយនៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា និងការផ្លាស់ប្តូរអ្នកទោស។
ប្រភពពីក្រុមគ្រូពេទ្យនោះបាននិយាយថា មនុស្ស ២នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅកណ្តាលទីក្រុងរ៉ាហ្វាហ៍ នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប។
កងទ័ពអ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួននៅទូទាំងតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃអាទិត្យមកភ្លាមៗបន្ទាប់ពីការផុតកំណត់នៃដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា។
ជនជាតិប៉ាឡេស្ទីនចំនួន ៤នាក់បានស្លាប់នៅក្នុងការវាយប្រហារស្រដៀងគ្នានេះរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យ។
រដ្ឋាភិបាលអ៊ីស្រាអែលបានផ្អាកការចូលផ្តល់ជំនួយមនុស្សធម៌ទៅក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបដិសេធមិនចាប់ផ្តើមកិច្ចចរចាទៅលើដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នានោះទេ។
កិច្ចព្រមព្រៀងនេះបានបញ្ឈប់សង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សជាង ៤៨.៣៨០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយបានបន្សល់ទុកនូវការខ្ទេចខ្ទាំជាច្រើន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





