ប្រជាជនកូរ៉េជិត ៧០% ចាត់ទុកភាពតានតឹងជាមូលហេតុចម្បងនៃការគេងមិនលក់
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- ប្រជាជនកូរ៉េខាងត្បូងប្រមាណជិត ៧នាក់ក្នុងចំណោម ១០នាក់កំពុងប្រឈមមុខនឹងការគេងមិនលក់ដោយសារតែភាពតានតឹង ដោយនៅក្នុងនោះ ៦៧% កំណត់ថាវាជាមូលហេតុចម្បង។
យោងតាមការស្ទង់មតិនៃការគេងសកលលើកទី៥ ដែលបានចេញផ្សាយកាលពីថ្ងៃទី០២ ខែមីនា ដោយក្រុមហ៊ុនដំណោះស្រាយដំណេកសកលលោក ResMed បានឱ្យដឹងថា ការសិក្សានេះបានស្ទង់មតិអ្នកចូលរួមចំនួន ៣០.០២៦នាក់នៅទូទាំង ១៣ប្រទេស ដែលនៅក្នុងនោះរួមមានប្រជាជនកូរ៉េខាងត្បូងចំនួន ១.៥០០នាក់។
ការរកឃើញបានបង្ហាញថា ជាមធ្យមអ្នកឆ្លើយសំណួរបាននិយាយថាពួកគេគេងមិនគ្រប់គ្រាន់ប្រហែលបីដងក្នុងមួយសប្តាហ៍។ អ្នកចូលរួមជិត ៣០% នៅទូទាំងពិភពលោក និង ៣៧% នៃប្រជាជនកូរ៉េខាងត្បូង បានរាយការណ៍ថាមានការលំបាកក្នុងការគេង ឬគេងឱ្យបានស្កប់ស្កល់យ៉ាងហោចណាស់បីដងក្នុងមួយសប្តាហ៍។
ជំងឺស្ត្រេសត្រូវបានគេកំណត់ថាជាមូលហេតុចម្បងនៃការគេងមិនលក់នោះ ដោយ ៦៧% នៃអ្នកឆ្លើយតបកូរ៉េខាងត្បូង និង ៥៧% នៅទូទាំងពិភពលោក បានលើកឡើងថាវាជាកត្តាចម្បង។
កត្តារួមចំណែកសំខាន់ៗផ្សេងទៀតរួមមាន ការថប់បារម្ភ (៤៩% នៅកូរ៉េខាងត្បូង និង ៤៦% នៅទូទាំងពិភពលោក) និងសម្ពាធហិរញ្ញវត្ថុ (២២% នៅកូរ៉េខាងត្បូង និង ៣១% នៅទូទាំងពិភពលោក)។ ជាងពាក់កណ្តាលនៃជំនាន់ Z (៥៣%) ទូទាំងពិភពលោក បានលើកឡើងពីការថប់បារម្ភដែលជាកត្តារំខានដល់ការគេងរបស់ពួកគេ។
ទោះបីជាមានបញ្ហានៃការគេងក៏ដោយ អ្នកឆ្លើយសំណួរភាគច្រើនមិនបានចាត់វិធានការសកម្មដើម្បីកែលម្អសុខភាពដំណេករបស់ពួកគេទេ។ នៅប្រទេសកូរ៉េខាងត្បូង អ្នកឆ្លើយសំណួរ ១៧% បានរាយការណ៍ថា ពួកគេគ្រាន់តែស៊ូទ្រាំនឹងការគេងមិនលក់នោះ ដោយមិនស្វែងរកដំណោះស្រាយទេ។
ការគេងមិនគ្រប់គ្រាន់ត្រូវបានគេរកឃើញថាមានផលប៉ះពាល់ដោយផ្ទាល់ទៅលើដំណើរការនៅកន្លែងធ្វើការ។ ក្នុងចំណោមអ្នកឆ្លើយតបការងារចំនួន ៧១% នៅទូទាំងពិភពលោកបានរាយការណ៍ថា បានចំណាយពេលយ៉ាងហោចណាស់មួយថ្ងៃឈឺដោយសារតែការគេងមិនលក់។
អត្រាខ្ពស់បំផុតត្រូវបានកត់ត្រានៅក្នុងប្រទេសឥណ្ឌា (៩៤%) បន្ទាប់មកប្រទេសចិន (៧៨%) សិង្ហបុរី (៧៣%) និងសហរដ្ឋអាមេរិក (៧០%)។ នៅក្នុងការប្រៀបធៀប ប្រទេសកូរ៉េខាងត្បូងមានអត្រាទាបជាងគេ ដោយមាន ៥៣%៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





