គ្រោះរញ្ជួយដីកម្រិត ៤,៣រ៉ិចទ័រវាយប្រហារប្រទេសតាជីគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- សេចក្តីថ្លែងការណ៍មួយរបស់មជ្ឈមណ្ឌលជាតិសម្រាប់រញ្ជួយដី (NCS) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៤,៣រ៉ិចទ័របានវាយប្រហារប្រទេសតាជីគីស្ថានកាលពីថ្ងៃចន្ទ។
យោងតាម NCS បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅជម្រៅរាក់ ១០គីឡូម៉ែត្រ ដែលធ្វើឱ្យវាកាន់តែងាយនឹងរញ្ជួយដី។
កាលពីយប់ថ្ងៃអាទិត្យ គ្រោះរញ្ជួយដីកម្រិត ៤,៣រ៉ិចទ័រមួយទៀតបានកក្រើកក្នុងតំបន់។
ប្រទេសតាជីគីស្ថាន គឺជាប្រទេសភ្នំដែលមានសណ្ឋានដីចម្រុះ និងងាយរងគ្រោះដោយសារអាកាសធាតុ ដែលវាងាយនឹងកើតមានគ្រោះរញ្ជួយដី ទឹកជំនន់ គ្រោះរាំងស្ងួត និងការរអិលបាក់ដី។ តំបន់ដែលងាយរងគ្រោះបំផុត គឺអាងទន្លេដែលពឹងផ្អែកលើផ្ទាំងទឹកកកដែលផ្គត់ផ្គង់វារីអគ្គិសនី និងធនធានទឹកសម្រាប់ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធអេកូឡូស៊ីភ្នំ និងព្រៃដាច់ស្រយាលជាមួយដីភ្នំ និងទន្លេ ដែលធ្វើឱ្យវាងាយនឹងមានការបាក់ដី និងការរិចរិលដី។
យោងតាមគេហទំព័រចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុរបស់ធនាគារពិភពលោក បានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យភាពងាយរងគ្រោះរបស់ប្រទេសតាជីគីស្ថានកាន់តែធ្ងន់ធ្ងរឡើង ដោយសារផ្ទាំងទឹកកកចំនួន ៣០% ត្រូវបានគេព្យាករណ៍ថានឹងរលាយបាត់នៅត្រឹមឆ្នាំ២០៥០។ ប្រទេសតាជីគីស្ថាននៅតែជាប្រទេសឯកោបំផុតមួយក្នុងពិភពលោក ដោយារស្ថានភាពកាន់តែអាក្រក់ទៅៗដោយការបាក់ដី លំហូរកំទេចកំទី និងទឹកជំនន់ ដែលអាចធ្វើឱ្យខូចខាតដល់ស្ពាន និងផ្លូវថ្នល់ ហើយយូរៗទៅធ្វើឱ្យការការពារគ្រោះទឹកជំនន់មានភាពចុះខ្សោយ ដែលធ្វើឱ្យការការពារសហគមន៍កាន់តែប្រឈមមុខ។ លើសពីនេះទៀត បញ្ហាប្រឈមរ៉ាំរ៉ៃនេះ គឺជាការគំរាមកំហែងនៃការរញ្ជួយដីដ៏កម្រ ប៉ុន្តែមានសក្តានុពលក្នុងការបំផ្លិចបំផ្លាញ ដែលមានជាង ៦០% នៃប្រទេសមួយនេះដែលស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យនៃការរញ្ជួយដីខ្ពស់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





